(ភ្នំពេញ)៖ ការធ្វើអាជីវកម្មនយោបាយលើសាកសពលោក កែម ឡី បានស្តែងឡើងកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ចាប់តាំងពីលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ភ្លាមៗ ក្រុមមនុស្សភាគច្រើនមានមុខដដែលៗបានមកដល់ភ្លាម ហើយបញ្ចេញអាកប្បកិរិយាកាងសពយ៉ាងគឃ្លើន។ ពួកគេបញ្ចេញកាយវិការច្រង៉េងច្រង៉ាង កោងកាចដាក់សមត្ថកិច្ច។ ពេលរថយន្តពេទ្យរបស់សមត្ថកិច្ចមកជួយដឹកសាកសពទៅកន្លែងធ្វើបុណ្យ ក្រុមជើងកាងបាននាំគ្នា រារាំងមិនឲ្យរថយន្តដឹកសពលោក កែម ឡី ចេញនោះឡើយ។
នៅពេលហែសពចេញ ក្រុមជើងកាងមួយចំនួនបានវាយតប់សមត្ថកិច្ចថែមទៀត ហើយនៅពេលសមត្ថកិច្ចឃាត់ខ្លួនជើងកាងម្នាក់ ពួកគេក៏នាំគ្នាបញ្ចេញ អាកប្បកិរិយា កោងកាច សាហាវដូចសត្វខ្លាដាក់សមត្ថកិច្ច។ ខ្ញុំសូមកោតសរសើរសមត្ថកិច្ចដែលមានអាកប្បកិរិយាទន់ភ្លន់មិនតបត ដោយសារពួកគេយល់ថា កុំឲ្យខូចបរិយាកាសពេលបុណ្យសព លោក កែម ឡី។
បន្ទាប់មកពេលដឹកសពទៅដល់វត្ត ក្រុមនោះក៏បង្កើតផែនការធ្វើអាជីវកម្មលើសាកសពកាន់តែច្បាស់។ ដំបូងពួកគេទាមទារឲ្យតម្កល់សពចំនួន១០ថ្ងៃ ក្រោយមក ក៏ទាមទារឲ្យតម្កល់សពរហូតដល់មួយឆ្នាំ មិនឲ្យបូជាតាមប្រពៃណី តែចង់ឲ្យបញ្ចុះទៅវិញ។ ការចាត់ចែងទាំងនេះត្រូវបានក្រុមជើងកាង រៀបចំឡើងតែគ្នាឯង តាមរយៈការកៀរគរគ្នានៅទីវត្តអារាមក្តី និងតាមបណ្តាញសង្គមហ្វេសប៊ុកក្តី ដោយមិនមែនជាការចង់បានរបស់គ្រួសារសពនោះឡើយ។
គោលបំណងរបស់ពួកគេ គឺធ្វើយ៉ាងណាដើម្បីអាចធ្វើអាជីវកម្មលើសពរបស់លោក កែម ឡី ឲ្យបានយូរតាមដែលអាចធ្វើទៅបាន ពីព្រោះនេះជាការចំណេញនយោបាយរបស់ពួកគេ។ សូម្បីនៅទីស្នាក់ការគណបក្សគេ ក៏មានការដាក់រូបថត អុជធូបផងដែរ។ ងាកទៅមើលទីវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ដែលជាទីតម្កល់សពលោក កែម ឡី វិញ ពួកគេបានចេញមុខកាងសាកសពដើម្បីធ្វើអាជីវកម្មផ្តាច់មុខតែម្តង។ ជាក់ស្តែងនៅថ្ងៃចន្ទម្សិលមិញ កញ្ញា ធី សុវណ្ណថា ដែលធ្លាប់មានអនុស្សាវរីយជាមួយលោក កែម ឡី បានទៅគោរពវិញ្ញាណក្ខខន្ធលោក កែម ឡី ក៏ប៉ុន្តែ ត្រូវបានក្រុមជើងកាងអាជីវកម្មផ្តាច់មុខព្រួតគ្នាវាយ និងជេរប្រមាថយ៉ាងសាហាវដូចហ្វូងខ្លា ហ្វូងចចក។
តាមរយៈសកម្មភាពទាំងនោះ ធ្វើឲ្យខ្ញុំនឹកឃើញដល់ទ្រឹស្តីរបស់ឆាវឆាវដែលថា បើចង់ស៊ើបអង្កេតរកមុខឃាតករ គេត្រូវចោទសំណួរថា តើអ្នកណាបាន ទទួលផលចំណេញពីឃាតកម្មនោះ? ម្យ៉ាងទៀតតាមរយៈសកម្មភាពទាំងអស់នេះដែរ វាបានស្តែងឲ្យឃើញនូវចរិតកាចសាហាវរបស់ក្រុមអ្នកកាងសាកសពលោក កែម ឡី។ យើងអាចស្រម៉ៃឃើញថា ប្រសិនបើ (បើទោះជាមិនអាច) គណបក្សរបស់គេឈ្នះឆ្នោត ប្រហែលជាអ្នកស្រឡាញ់បក្សផ្សេង គ្មានកន្លែងជ្រកនោះទេ។ ពួកគេនឹងត្រូវគេកម្ទេចចោលដោយចោទប្រកាន់ថា ជាខ្មាំង ។ និយាយដល់ចំណុចនេះ ខ្ញុំពិតជាព្រឺក្បាលខ្លាំងណាស់។ ដូច្នេះមិនដឹងថា តទៅមុខទៀតនឹងមានអ្វីកើតឡើងទៀតទេ? សូមបងប្អូនខ្មែរប្រុងប្រយ័ត្ន!