(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង និងលោកស្រី រួមនឹងលោកស្រីតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយលោកអភិបាលស្រុកកំពង់លែង អាជ្ញាធរមូដ្ឋាន និងក្រុមការងារ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់កាកបាទក្រហម ចែកជូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកកំពង់លែង ដែលរងគ្រោះគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៥ ខែមេសាថ្មីៗនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្ដាយយ៉ាងក្រៃលែង ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ចំពោះការរងគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឱ្យខូចខាតលំនៅឋាន និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ កាលពីអំឡុងពេលថ្មីៗកន្លងទៅនេះ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរភូមិ ឃុំ នៅតែមានការគិតគូរ និងយកចិត្តទុកដាក់អំពីទុក្ខលំ បាករបស់បងប្អូនជានិច្ច បើទោះជាពេលនេះពុំទាន់មានអ្វីធំដុំដែលអាចជួយដល់បងប្អូនបាន ប៉ុន្តែសណ្ដានចិត្ត និងការយកចិត្តទុកដាក់ នៅតែខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តជួយដល់បងប្អូន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានទីលំនៅតាមដងទន្លេ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះរដូវវស្សា និងចូលមកដល់ហើយ ហេតុនេះបងប្អូនដែលមានលំនៅដ្ឋាន តាមដងទន្លេងាយរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗដូចជាជំនន់ទឹកទន្លេ, ខ្យល់កន្ត្រាក់ភ្លៀង, ផ្គរ និងរន្ទះ ជាដើមដែលអាចបង្កគ្រោះថ្នាក់ដល់បងប្អូនជាយថាហេតុ។

បើតាមលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានឱ្យដឹងដែរថា ថ្ងៃនេះលោកអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាការកាក បាទក្រហមកម្ពុជាសាខាខេត្ត រួមទាំងលោកស្រីជាភរិយា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមស្រុក និងខេត្តផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៥គ្រួសារ មកពីឃុំប្រឡាយ មាន ៩គ្រួសារ និងឃុំផ្លូវទូក៦គ្រួសារ ដែលបានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៥ ខែមេសាកន្លងទៅ។

ដោយឡែកកាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ លោក និងក្រុមការងារកាកបាទក្រហមស្រុកកំពង់លែង ក៏បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយរបស់កាកបាទក្រហមស្រុកមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ និងភ្លើងឆេះផ្ទះ ចំនួន៩គ្រួសារ មកពី៣ឃុំផងដែរ ក្នុងនោះមានឃុំពោធិ ២គ្រួសារ ឃុំច្រណូក ៦គ្រួសារ និងឃុំដារ ១គ្រួសារ ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីថ្ងៃមុន៕