(បាត់ដំបង)៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៃការរៀបចំសង្ក្រាន្តបាត់ដំបង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ១,៥០០,១៦៨នាក់ បានសម្រុកមកលេងកម្សាន្តតាមទីតាំងនានាទូទាំងខេត្តបាត់ដំបង។

ក្នុងនោះទីតាំងសង្ក្រាន្ត នៅជិតរូបសំណាកលោកតាដំបងក្រញូង ដែលរៀបចំឡើងដោយ ស.ស.យ.ក. ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង មានប្រជាពលរដ្ឋចូលមកលេងកម្សាន្តច្រើនជាងគេ ក្នុងចំណោមតាមបណ្តារមនីយដ្ឋាន កន្លែងលេងកំសាន្តនានា ក្នុងខេត្តបាត់ដំបង។

ជាមួយនឹងការរៀបចំសង្ក្រាន្តបាត់ដំបងនេះ កាលពីរាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តការណ៍សង្ក្រាន្ដបាត់ដំបង ឆ្នាំ២០២៣ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្ត និងក្រុមការងាររៀបចំទាំងអស់ បានឡើងសំណេះសំណាល និងថ្លែងអំណរចំពោះប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកលេងកម្សាន្ដ។

លោក សុខ លូ បានលើកឡើងថា ប្រការដែលយើងអាចរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបងនេះបាន ក៏អាស្រ័យទៅបានដោយសុខសន្ដិភាព ដូចនេះយើងទាំងអស់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំកំពូលដទៃទៀត ដែលបានខិតខំរកសន្ដិភាពជូនប្រជាពលរដ្ឋ ធ្វើឱ្យយើងអាចរៀបចំកម្មវិធីនេះបានយ៉ាងសប្បាយរីករាយ។

លោកបានបន្តថា ខេត្តបាត់ដំបង ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើឲ្យខេត្តបាត់ដំបង មានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃលើគ្រប់វិស័យ ញ៉ាំងឱ្យជីវភាពប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធារ។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងនេះ សូមទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមជួយថែរក្សា អភិបាលប្រោសព្រំសព្វសាធុការពរជ័យគ្រប់ប្រការ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងអស់។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្ដបាត់ដំបងនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ បានបង្ហាញនូវក្ដីសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងរដ្ឋបាលខេត្តបានអនុញ្ញាតឱ្យមានការរៀបចំពិធីជួបជុំសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមម្លប់សន្ដិភាពដ៏ត្រជាក់៕