(ហ្សាការតា)៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក អេវជីនី ហ្សាកាញ៉ូវ ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសហព័ន្ធរុស្ស៉ីប្រចាំអាស៊ាន និងលោក អូលីវា ហ្ស៊េនដឺរ ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសហព័ន្ធស្វីស ប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ ធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៉ី។ ដោយឡែកនៅក្នុងពិធីជូនសាតាំងនោះភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ស្តីពីទំនាក់ទំនងរវាងអាស៊ាន និងស្វីស ហើយបានបញ្ជាក់ឡើងវិញនូវការគាំទ្រមិនប្រែប្រួល ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហព័ន្ធស្វីស។
សូមជម្រាបថា លោក កៅ គឹមហួន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន ជំនួសលោក លឹម ចុកហ៊យ ដែលចប់អាណត្តិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី។
ក្នុងពិធីនេះ មានការចូលរួមពីតំណាងអចិន្ត្រៃយ៍ប្រទេសសមាជិកអាស៊ានទាំង១០ និងឯកអគ្គរដ្ឋទូតប្រទេសមិនមែនអាស៊ាន ចំនួន៩៧ប្រទេស បណ្តាញសារព័ត៌មានអន្តរជាតិចំនួន១១ និងអង្គភាពអាស៊ាននានា ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ចំនួន៦។
តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ៕