(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក លីន ញ៉ក់ អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរដ្ឋបាលយុវជនរចនាសម្ព័ន្ធនៃសាលាខណ្ឌឫស្សីកែវ និងប្រជាពលរដ្ឋជាង៥០នាក់ ចុះត្រួតពិនិ្យនិងបើកការដ្ឋាន សាងសង់សាលាសង្កាត់ និងប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ដែលជាការជួយឧបត្ថម្ភរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ជា ពិសី បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ តាមរយៈការស្នើសុំ ពីសាលា សង្កាត់គីឡូម៉ែត្រលេខ៦ និងសាលាខណ្ឌឫស្សីកែវផងនោះ អាគាររដ្ឋបាល១ខ្នង មានកម្ពស់២ជាន់ ដែលមានទទឹង១២ម៉ែត្រ និងបណ្ដោយ១៦ម៉ែត្រ ដែលជាអាគាររដ្ឋបាលបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋនេះ ត្រូវបានដាក់ឲ្យស្ថាបនាសាងសង់ឡើង នាព្រឹកនេះហើយ ក្រោមការឧបត្ថមពីសាលារាជធានីភ្នំពេញ។
លោក ជា ពិសី បានបន្តថា «នេះជាអាគារទី៤ហើយ សម្រាប់សាលាខណ្ឌឫស្សីកែវ ដែលបានទទួលសមទ្ធិផលពីសាលារាជធានី ភ្នំពេញ ក្រោមការដឹកនាំរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ពីព្រោះអាគារសមទ្ធិផល ចំនួន៣សង្កាត់ រួមមាន៖ សង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ក៏ស្ថិតក្រោមការឧបត្ថមផ្ទាល់ពីសាលារាជធានីភ្នំពេញផងដែរ»។
ចំណែកឯសាលាខណ្ឌឫស្សីកែវ បាននិងកំពុងបន្តស្នើសុំពង្រីកបន្ថែម នូវអាគារចំនួន២កន្លែងទៀត នៅសង្កាត់ឫស្សីកែវ និងសង្កាត់ ទួលសង្កែ ដែលមានទំហំតូចចង្អៀត ហើយផលលំបាកក្នុងការបម្រើសេវាកម្មជូនប្រជាពលទូទៅ ក៏នៅតែមាន។ លោកអភិបាលបាន លើកឡើង និងពន្យល់ដល់ប្រជាពលរដ្ឋ នាឱកាសនោះថា ដោយសារប្រទេសកម្ពុជា ជាប្រទេសប្រជាធិប្បតេយ្យ និងជាប្រទេសនីតិរដ្ឋ មានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែមានការដឹកដ៏ប៉ិនប្រសប់ឆ្លៀសវៃរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដូចនេះប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវគោរពច្បាប់ដោយមិនត្រូវ ប្រើពីអំពើហិង្សា ក្នុងគ្រួសារឡើយ ព្រោះការកើតអំពើហឹង្សាក្នុងគ្រួសារជាអំពើប្រឈមនឹងបទល្មើសព្រហ្មទណ្ឌដែលមានចែង ក្នុងច្បាប់៕