(ភ្នំពេញ)៖ លោក លឿង រដ្ឋា អគ្គនាយករងកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលតំណាងឱ្យលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈអភិបាលខណ្ឌចំការមនដែលមាន លោក ព្រុំ សំខាន់ ជាអភិបាលខណ្ឌ រៀបចំបើកវគ្គផ្សព្វផ្សាយមួយស្ដីអំពី «សុវត្ថិភាព ម្ហូបអាហារ និងការការពារអ្នកប្រើប្រាស់» ប្រាប់ដល់អាជីវករ ពាណិជ្ជករ ប្រធានផ្សារ និងប្រជាពលរដ្ឋប្រមាណ១៥០នាក់ នៅក្នុងខណ្ឌចំការ។
ក្នុងឱកាសនេះ លោក ស៊ិន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍បានឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះ មានប្រធានបទសំខាន់ៗ មួយចំនួន ដែលធ្វើឡើងក្នុងគោលបំណងណែនាំ ឲ្យអ្នកនាំទំនិញចូល អ្នកផលិតទំនិញម្ហូបអាហារ អ្នកចែកចាយផលិតផលម្ហូបអាហារ ដើម្បីឱ្យពួកគាត់ទទួលបានការយល់ដឹងអំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងផលប៉ះពាល់នៃសារធាតុគីមីហាមឃាត់ ក្នុងចំណីអាហារ ក៏ដូចជាកង្វះអនាម័យ ក្នុងចំណីអាហារជាដើម។
វគ្គផ្សព្វផ្សាយនេះ ក៏បានដាក់បញ្ចូលផងដែរ នូវចំណេះដឹងជាមូលដ្ឋានទាក់ទងទៅនឹងបទដ្ឋានគតិយុត្ត និងទោសបញ្ញត្តិមួយចំនួន ដែលមានចែងក្នុងច្បាប់ស្ដីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ក៏ដូចជាតួនាទី ភារកិច្ចនិងកាតព្វកិច្ច របស់មន្រ្តីកាំកុងត្រូលនៅតាមព្រំដែន និងនៅលើទីផ្សារ វិធានការណ៍ ដែលត្រូវអនុវត្ត ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារព្រមទាំង ប្រភពនៃការចម្លងមេរោគពីមនុស្សទៅម្ហូបអាហារផងដែរ។
ជាមួយគ្នានេះ លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន ក៏បានណែនាំដល់អាជីវករ អ្នកលក់ដូរ ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្ត ទុកដាក់ដល់បទបង្ហាញរបស់មន្ត្រីជំនាញ អគ្គនាយកដ្ឋានកាំកុងត្រូល ដែលមានសារសំខាន់ដល់ជីវភាពសុខភាពរបស់ប្រជាពលរដ្ឋ ទាំងអស់ ក្នុងប្រទេសកម្ពុជា។
នៅពេលប្រកាសបិទវគ្គផ្សព្វផ្សាយខាងលើ លោក លឿង រដ្ឋា អគ្គនាយករងកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកំណត់យកសុវត្ថិភាពម្ហូបអាហារ ជាវិស័យអទិភាពទី១ ក្នុងចំណោមវិស័យអទិភាពទាំង១២ និងបានអំពាវនាវផងដែរ ដល់បងប្អូនអាជីវករ ផលិករ និងប្រជាពលរដ្ឋ មេត្តាបន្តកិច្ចសហការជាមួយសមត្ថកិច្ចកាំកុងត្រូល ដែលអនុវត្តច្បាប់ពាក់ព័ន្ធ នឹងគោលការណ៍ស្ដីពី សុវត្ថិភាព ម្ហូបអាហារ ក្នុងស្មារតីទទួលខុសត្រូវឲ្យបានខ្លាំងក្លាបំផុត។
លោកបានបន្តថា នៅពេលខាងមុខឆាប់ៗនេះ យ៉ាងយូរដាច់ឆ្នាំ២០១៦ នាយកដ្ឋានកាំកុងត្រូល នឹងមានរថយន្តចល័តពិសោធន៍ នៅប្រទេសកម្ពុជា សម្រាប់ពិសោធន៍រកមើលទំនិញខូចគុណភាព នៅតំបន់ឆ្ងាយៗដាច់ស្រយាលតាមទីជនបទ។ លើសពីនេះ លោក លឿង រដ្ឋា ក៏បានអំពាវនាវដល់អាជីវករ ពាណិជ្ជករ ដែលធ្វើពាណិជ្ជកម្ម អាជីវកម្ម មេត្តាបន្តកិច្ចសហការជាមួយសមត្ថកិច្ច នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចជាសមត្ថកិច្ចផេ្សងៗទៀត ដើម្បីរួមចំណែកអនុវត្តតាមគោលការណ៍ស្តីពី សុវត្ថិភាពម្ហូបអាហារ ក្នុងស្មារតីមួយទទួលខុសត្រូវជាមួយសមត្ថកិច្ចទាំងអស់គ្នាផងដែរហើយលោកក៏បានគាំទ្រដល់សាលារាជធានីភ្នំពេញ ដែលបាន សហការយ៉ាងល្អក្នុងកិច្ចការគ្រប់គ្រងគុណភាពសុវត្ថិភាព ម្ហូបអាហារ ដោយបានបង្កឲ្យមានវគ្គផ្សព្វផ្សាយនេះ ជាពិសេសសកម្មភាព ប្រហាក់ប្រហែលគ្នានេះ នឹងបន្តអនុវត្តតាមកម្មវិធីជាក់លាក់របស់អគ្គនាយកដ្ឋាន ទៅគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ៕