(រតនគិរី)៖ រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១០-១៦ ខែមេសា នៃការរៀបចំសង្រ្កាន្តរតនគិរី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចំនួន១១៤,២៤៥នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន២៤៥នាក់ បានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្តរតនគិរី ជាពិសេសកន្លែងប្រារព្ធពិធីសង្រ្កាន្តនៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។ នេះបើតាមលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី។

លោក ង៉ែត ពិទូ បានបន្តថា ចំនួនភ្ញៀវទេសចរមានការហក់ឡើងខ្លាំងបែបនេះគឺដោយសារកត្តាសុខសន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អជាពិសេសរួមផ្សំនឹងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តដែលមានលោក ញ៉ែម សំអឿន ជាអភិបាលខេត្តបានរៀបចំរចនាសម្ពន្ធនានាក្នុងខេត្តបានល្អ និងរៀបចំឱ្យមានព្រឹត្តិការណ៍ សង្ក្រាន្តរតនគិរី រយៈពេល៧ថ្ងៃ ផងនោះទើបមានលំហូរភ្ញៀវទេសចរចូលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមានការហក់ឡើងគួរឱ្យមោទនៈ។

លោកបន្តថា រយៈពេល៧ថ្ងៃនេះប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ពួកគាត់ពិតជាមានការសប្បាយរីករាយជាមួយនឹងការរាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយ ល្បែងកម្សាន្តផ្សេងៗជាច្រើន ដូចជាប៉ាតម្សៅ លេងបាញ់ទឹក និងបាញ់ពពុះទឹកគួរឱ្យទាក់ទាញ និងពេញនិយមពីមនុស្សរាប់ម៉ឺននាក់ចូលរួមលេងកម្សាន្តសប្បាយយ៉ាងត្រជាក់ចិត្តក្នុងមួយថ្ងៃៗ។

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំខេត្តក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយប្រជាពលរដ្ឋ និងរាំលេងកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែង ក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿជាក់៕