(កំពង់ចាម)៖ នៅក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ចាមទើបជ្រើសរើសថ្មីចំនួន ៤០នាក់ទៅហ្វឹកហ្វឺន អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់កងកម្លាំងទាំងនោះឱ្យត្រូវតែឆ្លងកាត់វគ្គហ្វឹកហាត់ ហើយយកចំណេះជំនាញមកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអង្គភាពជាច្រើនទៀត ព្រមទាំងអាណាព្យាបាល យោធិនកងរាជអាវុធហត្ថខេត្តកំពង់ចាមទើបជ្រើសរើសថ្មីផងដែរ។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានថ្លែងថា ដោយបានទទួលគោលការណ៍ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីនេះ នឹងត្រូវបញ្ជូនទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) រយៈពេល១ឆ្នាំ។
លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់កងកម្លាំងយោធិននៃកងរាជអាវុធហត្ថទាំង៤០នាក់ដែលត្រូវទៅហ្វឹកហ្វឺននោះ សូមឱ្យកម្លាំងទាំងអស់ធ្វើការហ្វឹកហាត់ សិក្សារៀនសូត្រ ដោយយកចិត្តទុកដាក់ឲ្យបានចប់ទៅតាមកម្មវិធីសិក្សា ដើម្បីយកចំណេះជំនាញទាំងនោះមកបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោកអភិបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការហ្វឹកហ្វឺនរយៈពេលមួយឆ្នាំ កងកម្លាំងទាំង៤០នាក់នេះនឹងក្លាយទៅជាមន្ត្រីនគរបាលយុត្តិធម៌ ដោយសារការហ្វឹកហ្វឺននោះ រៀនទាំងយុទ្ធសាស្ត្រ វិធីសាស្រ្ត ការប្រើប្រាស់អាវុធយុទ្ធភណ្ឌ និងបន្តសិក្សាអំពីជំនាញច្បាប់ផងដែរ ដើម្បីឱ្យពួកគេចេះកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត អ៊ុន ចាន់ដា បាននាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនដល់កម្លាំងយោធិនទាំង៤០នាក់ ក្នុងម្នាក់ៗទទួលបានមី២កេស ត្រីខកំប៉ុង២យួរ ក្រមា១ និងថវិកា២០ម៉ឺនរៀល៕