(កណ្ដាល)៖ សង្ក្រាន្តសន្តិភាពខេត្តកណ្ដាល ដែលបានរៀបចំឡើងនៅភ្នំព្រះរាជទ្រព្យ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ បានទាក់ទាញប្រជាពលរដ្ឋ យុវជន ភ្ញៀវទេសចរចូលរួមលេងកម្សាន្តរហូតដល់ជាង៤០ម៉ឺននាក់ ជាមួយការលែងល្បែងកម្សាន្ត បាញ់ទឹក ជះទឹក ប៉ាតម្សៅ រាំលេងតាមចង្វាក់ប្រពៃណីខ្មែរជាដើម។
គួរជម្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចាត់ចែងការរៀបចំតុបតែងលម្អសោភ័ណភាពនៅភ្នំព្រះរាជទ្រព្យ ស្រុកមុខកំពូល ព្រមទាំងបង្កើតឱ្យមានការលេងល្បែងប្រជាប្រិយ ទស្សនីយភាពល្ខោនបាសាក់ ឆាកតន្ត្រី ការបាញ់កាំជ្រួច ដើម្បីញ៉ាំងសង្ក្រាន្តសន្តិភាពខេត្តកណ្ដាលឱ្យកាន់តែអធិកអធមសប្បាយរីករាយ។
ក្នុងរយៈពេល៣ថ្ងៃនៃសង្ក្រាន្តសន្តិភាពខេត្តកណ្ដាលនេះបានទាក់ទាញប្រជាពលរដ្ឋខ្មែរចំនួន៤១៣,៧៧៦នាក់ ព្រមទាំងមានជនបរទេសចំនួន១៨២នាក់ ចូលរួមលេងកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយ ខណៈសន្តិសុខ សណ្ដាប់ធ្នាប់ប្រកបដោយភាពល្អប្រសើរ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងពេលសំណេះសំណាលជាមួយអ្នកចូលរួម ក៏បានរំលេចពីកត្តាសុខសន្តិភាព ដែលបានបង្កឱកាសសប្បយារីករាយយ៉ាងដូច្នេះ។
លោកបានពន្យល់ដល់យុវជន និងប្រជាពលរដ្ឋថា «អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលបានដឹកនាំប្រទេសជាតិពីបាតដៃទទេ មកស្គាល់តែភាពសប្បាយរីករាយ ការរីកចម្រើន ហើយពិសេសសម្ដេចតេជោបាននាំវ៉ាក់សាំងចាក់ជូនពលរដ្ឋទូទាំងប្រទេស សម្រេចបាននូវភាពស៊ាំក្នុងសហគមន៍ពីជំងឺកូវីដ១៩ ទើបបង្កឱ្យមានភាពសប្បាយរីករាយនាឱកាសបុណ្យចូលឆ្នាំថ្មី»។
ប្រជាពលរដ្ឋបានអរគុណដល់លោកអភិបាលខេត្តដែលបានរៀបចំកម្មវិធីសង្ក្រាន្តនេះឡើង ហើយក៏អរគុណជាពិសេសដល់សម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសជាតិមានសន្តិភាព សុខសប្បាយ រីកចម្រើន ហើយប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតឈានចូលដល់ឆាប់ៗនេះ។
សម្រាប់សង្ក្រាន្តសន្តិភាពខេត្តកណ្ដាលនេះទៀតសោត គឺជាសក្ខីកម្មយ៉ាងច្បាស់លាស់បង្ហាញពីតម្លៃសន្តិភាពយ៉ាងពិតប្រាកដ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ស្គាល់រសជាតិសេរីភាព សិទ្ធិពេញលេញ រស់រានមានជីវិតយ៉ាងសប្បាយរីករាយ ស្គាល់តែការរីកចម្រើន ការអភិវឌ្ឍ ស្គាល់ពីការរួបរួមជាតិជាធ្លុងមួយបានយ៉ាងដូច្នេះ៕