(ភ្នំពេញ)៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ដែលទើបត្រូវបានបិទបញ្ច​ប់ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៥ករណី នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

របាយការណ៍ដដែលបានអះអាងថា គ្រោះថ្នាក់អគ្គិភ័យដែលបានកើតឡើង ក្នុងរយៈពេល៣ថ្ងៃនេះ មានការកើនឡើងចំនួន៨ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ។

ក្នុងនោះ ខេត្តបន្ទាយមានជ័យ ១ករណី, កំពង់ចាម ១ករណី, បាត់ដំបង ១ករណី, កណ្ដាល ១ករណី, ព្រះវិហារ ១ករណី, កំពង់ធំ ១ករណី, ស្វាយរៀង ១ករណី, ភ្នំពេញ ២ករណី, កំពត ១ករណី, ស្ទឹងត្រែង ១ករណី, រតនគិរី ១ករណី, ព្រះសីហនុ ១ករណី, សៀមរាប ១ករណី និងខេត្តកំពង់ស្ពឺ។ មូលហេតុ ដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ៨ករណី, ភ្លើងទៀន ធូប ៥ករណី និងកំពុងស្រាវជ្រាវ ២ករណី។

សមត្ថកិច្ចបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមហេតុការណ៍ដែលកើតឡើងនេះ មិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់បាត់បង់អាយុជីវិតនោះទេ ពោលគ្រាន់តែរបួសមនុស្សម្នាក់ និងបំផ្លាញផ្ទះ១៣ខ្នង, បន្ទប់៦, ឃ្លាំង១ខ្នង និងរថយន្ដចំនួន៤គ្រឿង៕