(ព្រៃវែង)៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរសរុបចំនួន៤១៧,៣២៩នាក់ បានចូលរួមលេងកម្សាន្តក្នុងកម្មវិធីឆ្នាំថ្មីព្រៃវែង និងនៅតាមតំបន់ទេសចរណ៍ រមណីយដ្ឋាននានាទូទាំងខេត្តព្រៃវែង។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រៃវែង។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកអភិបាលខេត្តព្រៃវែង ក៏ដូចជាមានការយកចិត្តទុកដាក់ពីស្នងការនគរបាលខេត្តក្នុងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងកម្មវិធីឆ្នាំថ្មីព្រៃវែង ការលេងកម្សាន្តរបស់ប្រជាពលរដ្ឋគឺបានប្រព្រឹត្តទៅដោយភាពរលូន និងសប្បាយរីករាយ។
មួយវិញទៀត ដោយសារកត្តាសុខសន្តិភាពបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍឡើងទៅមុខជាលំដាប់ ប្រជាពលរដ្ឋដើរលេងកម្សាន្ត និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ហើយប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដើម្បីបន្តមនុញ្ញផលទាំងនេះតទៅមុខទៀត៕