(ស្វាយរៀង)៖ កម្មវិធីសង្ក្រាន្តស្វាយរៀង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមលេងកម្សាន្តសប្បាយចំនួន ៧៥៧,៣៩២នាក់។ នេះបើតាមលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង។

លោកអភិបាលរងខេត្តស្វាយរៀងបានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ ថ្នាក់ដឹកនាំខេត្តស្វាយរៀង ដែលមានលោក​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានចូលរួមពិធីដង្ហែក្បួនសង្ក្រាន្តស្វាយរៀង ដែលមានទស្សនីយភាព​សិល្បៈ វប្បធម៌ខ្មែរ​ជាច្រើនទម្រង់​សម្តែងជូនប្រជាពលរដ្ឋដែលមកជួបជុំក្នុងសង្ក្រាន្តស្វាយរៀង ស្ថិតនៅទីតាំងស្តូបរង្វង់មូល ខាងមុខសណ្ឋាគារវ៉ៃគោ។

លោកអភិបាលខេត្ត​ និងអភិបាលរងខេត្ត​ មន្ទីរ-អង្គភាពពាក់ព័ន្ធ​បានទស្សនាស្តង់លក់ផលិតផលតាមបណ្តាស្រុក-ក្រុងនានានៃខេត្តស្វាយរៀង​ រួមទាំងការចូលរួមលេងកម្សាន្តនូវកម្មវិធីសប្បាយៗនានាផ្សេងទៀត​ ដូចជា​តំបន់​ EDM ដំបន់ត្រជាក់ចិត្ត​ តំបន់លេងល្បែងប្រជាប្រិយ​ជាដើម​ជាមួយប្រជាពលរដ្ឋ។

លោក តូច ប៉ូលីវ៉ា បានបន្តថា ក្នុងរយៈពេល៣ថ្ងៃនៃកម្មវិធីសង្ក្រាន្តស្វាយរៀងនេះ ពុំមានហេតុការណ៍អ្វីដែលគួរឲ្យកត់សម្គាល់នោះទេ គឺមានសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយបានល្អប្រសើរ ដោយខេត្តមានកងកម្លាំងការពារសន្តិសុខនៅក្នុងពិធី និងមានមន្ត្រីសុខាភិបាលប្រចាំការ និងសម្រួលចរាចរណ៍ផងដែរ។

បន្ថែមលើសពីនេះ លោក តូច ប៉ូលីវ៉ា បានអះអាងថា ថ្ងៃទី១ មានពលរដ្ឋមកលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តមានចំនួន១៤៤,២៤១នាក់។ ថ្ងៃទី២ មានមនុស្សមកលេងកម្សាន្តក្នុងពិធីសង្ក្រាន្តស្វាយរៀងមានចំនួន២៧៧,១៨៤នាក់។ ថ្ងៃទី៣ មានពលរដ្ឋមកលេងកម្សាន្តចំនួន៣៣៥,៩៦៧នាក់។ សរុបទាំង៣ថ្ងៃនេះមានចំនួនប្រជាពលរដ្ឋមកលេងកម្សាន្តចំនួន៧៥៧,៣៩២នាក់។

លោកអភិបាលខេត្តស្វាយរៀងបានអបអរសាទរចំពោះពិធីសង្ក្រាន្តស្វាយរៀង ដែលបានប្រព្រឹត្តទៅដោយភាពរលូន និងសប្បាយរីករាយក្នុងរយៈពេល៣ថ្ងៃនេះ និងថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានលោក ឌី វិជ្ជា ជាប្រធានយុវជនយុវនារីនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងបណ្ដាមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចូលរួមសហការរៀបចំបង្កើតនូវព្រឹត្តិការណ៍ដ៏ឱឡារិកនេះ ដោយភាពរលូន និងបង្កភាពសប្បាយរីករាយដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ និងសូមអរគុណសប្បុរសជនទាំងក្នុងនិងក្រៅខេត្ត ដែលបានចំណាយធនធានផ្ទាល់ខ្លួនគាំទ្រកម្មវិធីនេះផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លែផ្កាដែលបានមកពីសុខសន្តិភាព​ គឺជាការបង្កលក្ខណៈឲ្យជួបជុំសប្បាយរីករាយដូចពេលនេះ៕