(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះថា សង្ក្រាន្ដនៅខេត្តកំពត រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ក្រោមបរិយាកាសសប្បាយរីករា គ្មានការភិតភ័យ គ្មានអំពើហិង្សា និងបទល្មើសអ្វីកើតឡើងនោះឡើយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការជាមួយសមត្ថកិច្ចបានយ៉ាងល្អ ក្នុងការរក្សារសណ្តាប់ធ្នាប់ ជាពិសេសសូមថ្លែងអំណរគុណចំពោះកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានលៈបង់ពេលវេលាដើម្បីម្ចាស់ការ ក្នុងការរក្សារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

សូមជម្រាបថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបចំនួន៨៦៦,៦៦៦នាក់ ក្នុងនោះអន្តរជាតិមានចំនួន៣,៧៣៣នាក់។ នេះបើតាមលោក ម៉ៅ ធនិន អភិបាលខេត្តកំពត។

* ថ្ងៃទី១ សរុបចំនួន៩៤,៥៦៧នាក់ ក្នុងនោះអន្តរជាតិ៧៧៧នាក់។
* ថ្ងៃទី២ សរុបចំនួន៤០២,៤៤២នាក់ ក្នុងនោះអន្តរជាតិ១,៦១៦នាក់។
* ថ្ងៃទី៣ សរុបចំនួន៣៦៩,៥៦៧នាក់ ក្នុងនោះអន្តរជាតិ១,៣៤០នាក់

លោកអភិបាលខេត្តបានបន្តថា ភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទាក់ទាញទេសចរណ៍ និងប្រជាពលរដ្ឋចូលរួមសង្រ្កាន្តក្នុងក្រុងកំពតមានចំនួនសរុប៣៦៩,៦៥៧នាក់ រួមនឹងភ្ញៀវអន្តរជាតិ១,៣៤០នាក់។

ចំណែកភ្ញៀវទេសចរតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានាចំនួន៥២,៥៩៧នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ៦១២នាក់។ លោក ម៉ៅ ធនិន បានបន្តទៀតថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយសង្រ្កាន្តក្នុងក្រុងប្រមាណ៣១៧,០៦០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ៧២៨នាក់៕