(ភ្នំពេញ)៖ ភរិយាសពលោក កែម ឡី លោកស្រី ប៊ូ រចនា បានថ្លែងប្រាប់ឲ្យដឹង​ នៅវេលាថ្ងៃត្រង់ទី១២ ខែកក្កដានេះថា លោកស្រីកំពុងរារែកចិត្ត ក្នុងការ សម្រេចចិត្ត នាំកូនៗទៅរស់នៅក្រៅប្រទេស ព្រោះមានស្ថានទូត ជាច្រើនបានទំនាក់ទំនង មកលោកស្រី។

លោកស្រីបានបញ្ជាក់ថា នៅពេលនេះកំពុងរៀបចំបុណ្យសព លោកស្រីមិនទាន់គិតលើកបញ្ហាហ្នឹងទេ ដោយលោកស្រីកំពុងរារែកចិត្តថា នឹងសម្រេចចិត្តទៅប្រទស ណានោះទេ។ លោកស្រីបាន និយាយទៀតថា ការសម្រេចចិត្តទៅក្រៅប្រទេសដើម្បីអនាគត​កូនៗ។

លោកស្រី ប៊ូ រចនា បានប្រាប់ Fresh News យ៉ាងដូច្នេះថា «ខ្ញុំនៅមិនទាន់ច្បាស់ថា នឹងសម្រេចចិត្តទៅរស់នៅអូស្រ្តាលីនៅឡើយទេ ហើយខ្ញុំក៏មិនទាន់ដឹងថា ​នឹងទៅប្រទេសណាដែរ តែយ៉ាងណាខ្ញុំនឹងទៅដើម្បីសុវត្ថិភាពកូនៗ។ មិនមានប្រទេសអូស្រ្តាលីតែមួយទេ មានប្រទេសច្រើនទៀតដែលស្នើឲ្យខ្ញុំ និងកូនៗទៅនៅ»

នៅខណៈពេលនេះ សពលោកបណ្ឌិត កែម ឡី កំពុងត្រូវបានរៀបចំ ធ្វើបុណ្យសព នៅវត្តចាស់ ហើយសពនឹងតម្កល់រហូតដល់ថ្ងៃទី១៨ ខែកក្កដា។

សូមជំរាបថា នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ ចំនួនពីរ រួមនិងប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀត នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានសម្តែងមរណទុក្ខក្រៀមក្រំ ជាមួយក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគល្បាញល្បីនៅកម្ពុជា និងថ្កោលទោសដាច់ ណាត់ចំពោះអំពើឃោរឃៅ ហើយត្រូវមានការចាត់វិធានការតឹងរឹង។

«ឃាតករដែលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ អាចប្រឈមនឹង ការជាប់ពន្ធនាគារ អស់មួយជីវិត» នេះយោងតាមច្បាប់ព្រហ្មទណ្ឌ បើសិនណាជាតុលាការសម្រេចថា នោះជាអំពើឃាតកម្ម គិតទុកជាមុន។

ខ្មាន់កំាភ្លើងត្រូវបានសមត្ថកិច្ចដេញចាប់យ៉ាងប្រផាប់ប្រភីង ក្រោយបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ភ្លាមៗនៅក្នុងស្តាម៉ាត (Star Mart) ស្តុបបូកគោ ខណ្ឌចំការមន រួចរត់ទៅកាន់វិថីព្រះសុធារស ក្បែរវត្តស្វាយអំពែ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ៕