(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ដំបូន្មាន និង ណែនាំចំនួន៥ ឲ្យមន្រ្តីសវនកម្មផ្ទៃក្នុង ក្រសួងកសិកម្ម យកចិត្តទុកដាក់បន្ថែម ដើម្បីធ្វើឲ្យការងារ របស់ពួកគេកាន់តែមានប្រសិទ្ធភាព។

ការផ្តល់ដំបូន្មាននេះ បានធ្វើឡើងក្នុងពេល លោករដ្ឋមន្រ្តី អញ្ជើញចូលបើកសិក្ខាសាលាស្តីពី «តួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវិធីអនុវត្តថវិកាកម្មវិធី» នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ក្នុងសិក្ខាសាលានោះថា ដើម្បីឲ្យលទ្ធផលការងារទទួលបាន ប្រកបដោយចីរភាព សន្សំសំចៃ និងមានប្រសិទ្ធភាព ការដាក់ចេញទស្សនទាន និងគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ គឺជាធាតុមួយ មិនអាចមើលរំលងបាន។

ដើម្បីឲ្យមន្រ្តីសវនកម្មផ្ទៃក្នុងអាចធ្វើការងារបម្រើក្រសួង ក៏ដូចជាប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តាមការចង់បានរបស់ រាជរដ្ឋាភិបាលកម្ពុជានោះ លោករដ្ឋមន្រ្តី វេង សាខុន បានផ្តល់នូវដំបូន្មានចំនួន៥។ ដំបូន្មានទាំង៥នោះរួមមាន៖

១. ថ្នាក់ដឹកនាំគ្រប់អង្គភាពចាំបាច់ត្រូវតែយល់ច្បាស់អំពី គោលនយោបាយស្តីពីការគ្រប់គ្រងផ្ទៃក្នុង និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់វនករផ្ទៃក្នុង ពិសេសតម្រូវការនៅក្នុងកិច្ចដំណើរការសវនកម្ម សិទ្ធិអំណាច និងការប្រើប្រាស់លទ្ធផល នៃការសង្កេងឃើញរបស់សវនករឲ្យស្របតាមខ្លឹមសារ នៃអនុក្រឹត្យលេខ៤០។

២. ចូលរួមបង្កើតផែនការអភិវឌ្ឍ ការអនុវត្ត និងកិច្ចប្រតិបត្តិការលើប្រព័ន្ធកុំព្យូទ័រសំខាន់ៗ ដើម្បីធានាឲ្យតម្រូវការរបស់អ្នកប្រើប្រាស់ត្រូវបានកំណត់ច្បាស់លាស់ ការត្រួតពិនិត្យផ្ទៃក្នុងសមស្រប ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ហើយការសាកល្បង នៃប្រព័ន្ធកុំព្យូទ័រត្រូវបានប្រព្រឹត្តទៅក្នុងជំហាសមស្រប ការកត់ត្រាពីប្រព័ន្ធកុំព្យូព័រ ត្រូវបានធ្វើពេញលេញ និងមានភាពត្រឹមត្រូវ។

៣. ធ្វើរបាយការណ៍ទៅរដ្ឋមន្រ្តី ហើយត្រូវផ្ញើរបាយការណ៍ និងសេចក្តីសង្ខេប នៃការធ្វើសវនកម្មនេះទៅអាជ្ញាធរសវនកម្មជាតិ ស្តីពីសកម្មភាពកែលំអតាមអនុសាសន៍សំខាន់ៗ របស់សវនកម្មផ្ទៃក្នុង ហើយសកម្មភាពសវនកម្មត្រូវបានផ្តោតលើហានិភ័យ និងបង្កើនភាពសន្សំសំចៃ ប្រសិទ្ធភាព និងការផ្តល់លទ្ធភាពល្អក្នុងកិច្ចប្រតិបត្តិការ។

សវនកម្មផ្ទៃក្នុងត្រូវធ្វើការសម្របសម្រួលការងារជាមួយអាជ្ញាធរសវនកម្មជាតិ អាចធ្វើការត្រួតពិនិត្យ និងធ្វើសវនកម្មឡើងវិញក្នុងករណីចាំបាច់។ ផែនការសវនកម្មផ្ទៃក្នុងត្រូវមានភាពសមស្រប ច្បាស់លាស់ គ្រប់គ្រាន់ និងឯកសារលិខិតបទដ្ឋានពាក់ព័ន្ធក្នុងក្របខណ្ឌច្បាប់។

៤. ពិនិត្យឡើងវិញលើមុខងារសកម្មភាពកិច្ចប្រតិបត្តិការ និងកម្មវិធីរបស់អង្គភាព ក្នុងការិយបរិច្ឆេទសមស្រប ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ លើការបង្កើតផែនការ ការតម្រង់ទិសការចាត់ចែង និងការត្រួតពិនិត្យដោយផ្អែក តាមគោលការណ៍ណែនាំ គោលនយោបាយ និងនីតិវិធី នៃការគ្រប់គ្រងឲ្យបានត្រឹមត្រូវ តាមគោលដៅរបស់អង្គភាព។ ពិនិត្យឡើងវិញលើនីតិវិធី និងការអនុវត្ត ដើម្បីធានាថា វិធានការបានដាក់ចេញ ក្នុងគោលបំណងការពារ ការកេងបន្លំ ប្រសិនបើមានការកេងបន្លំ លើកឡើងប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងអាចរកឃើញ ទាន់ពេលវេលា។

៥. សវនករផ្ទៃក្នុងគប្បីអនុវត្តមានជំនាញ និងនីតិវិធីសវនកម្មផ្ទៃក្នុង ស្តង់ដារវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង និងក្រមសីលធម៌សម្រាប់សវនកម្ម ផ្ទៃក្នុងនៅពេលបំពេញការងារ សវនកម្មរបស់ខ្លួន៕