(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជូនដំណើរត្រឡប់ទៅវិញតាមរថយន្តក្រុង «ដោយមិនបង់ប្រាក់» ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ នៅចំណតរថយន្តផ្សារទំនើប ភួ ពុយ។
លោក ព្រួញ រិទ្ធថា បានឲ្យដឹងថា សម្រាប់ខេត្តបាត់ដំបងដែលត្រូវដឹកប្រជាពលរដ្ឋត្រឡប់ទៅធ្វើការ រកស៊ីនៅក្រៅខេត្តក្នុងស្រុកកំណើតខ្លួន ឬធ្វើការនៅរាជធានីភ្នំពេញវិញ។ ចំពោះរថយន្តក្រុងដឹកបងប្អូនយើង នៅខេត្តបាត់ដំបងមានចំនួន៥០គ្រឿង ក្នុងនោះលោកក៏បានថ្លែងអំណរគុណដល់អ្នកបើកបររថយន្ត និងព្រូរថយន្តមានចំនួន៧៨នាក់ ដោយបានឧបត្ថម្ភថវិកាលើកទឹកចិត្តម្នាក់ៗ ទទួលបាន៣ម៉ឺនរៀល។
ប្រជាពលរដ្ឋដែលបានមកជិះរថយន្តក្រុងទាំងអស់ សូមអរគុណសន្តិភាព និងសូមអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ជូននូវរថយន្តក្រុង «ដោយមិនបង់ប្រាក់» ទូទាំងប្រទេស សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងសូមសម្តេចទាំងទ្វេរ មានសុខភាពល្អ អាយុយឺនយូរនៅជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅប្រជាពលរដ្ឋជំនាន់ក្រោយ រស់នៅមានសុខសន្តិភាព និងមានការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្រ្តីដឹកនាំអាណត្តិថ្មី ឆ្នាំ២០២៣នេះ និងអាណត្តិបន្តៗទៀតផងដែរ៕