(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ បានលើកឡើងថា សង្ក្រាន្ដឆ្នាំថ្មី ឆ្នាំថោះនេះ ប្រជាប្រុសស្រីសប្បាយរីករាយគ្រប់ទិសទីទាំងអស់ ក្រោមម្លប់សន្ដិភាពពេញបរិបូណ៌។

លោក ឃួង ស្រេង ក៏បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមក្នុងកម្មវិធី «សង្ក្រាន្តវត្តភ្នំ» របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ យុវជនយុវនារី បុគ្គលិកអនាម័យ និងជំនាញពាក់ព័ន្ធទាំងអស់ ប្រកបដោយស្មារតីភាតរភាព សាមគ្គីភាព ភាពស្និទ្ធស្នាល ការយោគយល់អធ្យាស្រ័យគ្នា និងការទទួលខុសត្រូវខ្ពស់បំផុត។

លោកបានអះអាងទៀតថា ភាពសប្បាយរីករាយ សេចក្តីសុខសុវត្ថិភាព កើតមានបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌។ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។

គួរជម្រាបថា ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សម្រាប់នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលអាជ្ញាធររាជធានីភ្នំពេញ បានរៀបចំសង្ក្រាន្តវត្តភ្នំនោះ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ ចូលលេងកម្សាន្តយ៉ាងសប្បាយរីករាយយ៉ាងច្រើនកុះកររហូតដល់រាប់ពាន់នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹម។

ការចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយនេះ ក៏បានសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានឱកាសគ្រប់គ្រាន់ក្នុងការជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ៕