(សៀមរាប)៖ ស្របពេលដែលបច្ចេកវិទ្យាមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ការប្រើប្រាស់រទេះគោ នឹងរទេះក្របី ក្នុងការប្រកបរបរកសិកម្ម មានការថយចុះច្រើន។ ដោយឡែកពិធីប្រណាំងរទេះគោ និងក្របី នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ បានទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋទៅទស្សនាយ៉ាងកុះករផងដែរ។
នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ រទេះគោ និងរទេះក្របី ចូលរួមក្នុងការប្រកួតមានចំនួន២៣គូ ដែលមានរទេះក្របីមានចំនួន៨គូ រទេះគោកង់រថយន្តមានចំនួន១១គូ និងរទេះគោកង់ប្រពៃណីមាន៤គូ ដែលមកពីស្រុកប្រាសាទបាគង និងស្រុកពួក។
ចំពោះអត្ថន័យនៃការប្រណាំងគោ ឬក្របីនេះ គឺចង់បង្ហាញពីប្រពៃណីទំនៀមទំលាប់នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាពិសេសគឺដើម្បីរំលឹកដល់ព្រះធរណី ដែលជួយដល់ការភ្ជួររាស់ ការដាំដំណាំ វិស័យកសិកម្ម និងជំរុញឱ្យមានការលើកទឹកចិត្តស្រលាញ់ និងថែរក្សាបរិសា្ថនក្នុងសណ្តានចិត្តរបស់ប្រជាជនខ្មែរ។
ការប្រណាំងរទេះគោ និងក្របី ក៏ជាមរតកវប្បធម៌ដូនតាខ្មែរ ដែលឆ្លុះបញ្ចាំងអំពីវិស័យកសិកម្ម និងជំរុញឱ្យមានការលើកទឹកចិត្តស្រលាញ់ និងថែរក្សាបរិសា្ថនក្នុងសណ្តានចិត្តរបស់ប្រជាជនខ្មែរ។ ជាពិសេសនោះ គឺដើម្បីបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោយដឹងថា គោ និងក្របីជាសត្វពាហនៈ អាចជួយសម្រួលដល់ការរស់នៅតាមរយៈការធ្វើស្រែចម្ការ និងអាចចិញ្ចឹមជីវិតមនុស្សបានផងដែរ។
សូមបញ្ជាក់ថា ចំពោះអ្នកដែលឈ្នះក្នុងការប្រណាំងរទេះគោ និងក្របី លេខ១ ទទួលបានប្រាក់ឧបត្ថម្ភ ៣០០ដុល្លារ និងប្រាក់គោល ២០០ដុល្លារ ,លេខ២ ទទួលបានប្រាក់ឧបត្ថម្ភ ២០០ដុល្លារ និងប្រាក់គោល ២០០ដុល្លារ ,លេខ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១៥០ដុល្លារ និងប្រាក់គោល ២០០ដុល្លារ ,លេខ៤ ទទួលបានប្រាក់ឧបត្ថម្ភ ៥០ដុល្លារ និងប្រាក់គោល ២០០ដុល្លារ។ ដោយឡែក ចំពោះអ្នកដែលមិនទទួលបានចំណាក់ថ្នាក់ ទទួលបានប្រាក់គោល ២០០ដុល្លារផដែរ៕