(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់, ស្ថាបនា, អម្រឹត និង ហត្ថាកសិករ បានទទួលវិញ្ញាបនបត្រ «គោលការណ៍ការពារ អតិថិជន» ជាផ្លូវការពីក្រុមហ៊ុន Smart Campaign អនុលោមតាមគោលការណ៍ស្ដង់ដារ ដ៏តឹងរឹងក្នុងកិច្ចការពារអតិថិជន។
ពិធីប្រគល់ និងទទួលនេះ រៀបចំឡើងនៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងសណ្ឋាគារភ្នំពេញ។
Smart Campaign គឺជាភ្នាក់ងារទីមួយនៃសកលលោក ដែលត្រូវបានបង្កើតឡើង ក្នុងការធានាឱ្យបានលើការអនុវត្តកិច្ចការពារអតិថិជន ដ៏រឹងមាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
វិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនរបស់ Smart Campaign ត្រូវបានទទូលស្គាល់ជាសាធារណៈ រួមបញ្ចូលស្តង់ដារដ៏តឹងរ៉ឹង ជាច្រើន សម្រាប់វាយតម្លៃគ្រឹះស្ថានទាំងឡាយ ដោយភ្នាក់ងារឯករាជ្យ ដែលជាភាគីវាយតម្លៃទី៣ និងបានទទួលអាជ្ញាប័ណ្ណពី Smart Campaign។
វីសិនហ្វាន់ ស្ថាបនា អម្រឹត ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រដ៏មាន កិត្យានុភាព និងជាគ្រឹះស្ថានមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ១០ផ្សេងទៀត ដែលទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារ អភិវឌ្ឍន៍អាស៊ី (AFD) ក្រោមគម្រោង «ការការពារអតិថិជន» អនុវត្តគម្រោងដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។
គម្រោងការការពារអតិថិជននេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយការផ្តល់សេវាហិរញ្ញវត្ថុ ដែលមានទំនួលខុសត្រូវមាន ទស្សនវិស័យពង្រឹងនិរន្តរភាព ការរីកចម្រើនសម្រាប់វិស័យហិរញ្ញវត្ថុ នៅកម្ពុជា ក៏ដូចជាកាត់បន្ថយហានិភ័យបំណុលវ័ណ្ឌករ របស់ប្រជាពរដ្ឋកម្ពុជាផងដែរ។
តំណាងគ្រឹះស្ថានទាំង៤ បានឲ្យដឹងថា «ពួកយើងមានសេចក្តីរំភើបរីករាយដែលបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការទទួល បានវិញ្ញាបនបត្រពី Smart Campaign។ យើងប្តេជ្ញាចិត្តជួយកាត់បន្ថយភាពក្រីក្រក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយមានតម្រូវការ ពីអតិថិជនរបស់យើងជាកិច្ចការសំខាន់ទីមួយ យើងបានបង្កើតនូវការវិនិយោគដ៏សំខាន់មួយ ក្នុងការកសាងការអនុវត្តកិច្ចការពារ អតិថិជន។ យើងខ្ញុំបានសម្រេចគោលដៅ ដោយបានសហការជាមួយនឹងដៃគូដ៏ជិតស្និទ្ធ Good Return និងMicroFinanza ហើយការ ផ្តល់ជំនួយបច្ចេកទេស គឺមានតម្លៃខ្លាំងណាស់សម្រាប់គ្រឹះស្ថានរបស់យើង។ យើងមានការពេញចិត្តជាខ្លាំង ដែលបានក្លាយជាគំរូ សម្រាប់ស្ថានប័នដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជាដែលកំពុងប្តេជ្ញា ផ្តល់នូវលទ្ធផលវិជ្ជមានជូនដល់អតិថិជនរបស់ពួកគេ»។
លោក យុន សុវណ្ណា អគ្គលេខាធិការនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា លោកមានការរីករាយ និងសាទរជាខ្លាំងចំពោះការ ទទួលបាននៅវិញ្ញបនបត្រនេះ ហើយខ្លួនក៏មានភាពជឿជាក់យ៉ាងមុតមាំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀត ដែលចូលរួមក្នុងគម្រោង នេះ នឹងក្លាយជាគំរូសម្រាប់គ្រឹះស្ថានដទៃទៀតផងដែរ។ ជាងនេះទៅទៀតនោះលោកក៏បានថ្លែង អំណរគុណចំពោះ AFD ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ៕