(កំពង់ធំ)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក​​ ពស.២៥៦៧ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរ២០៨,១៥៤នាក់ ក្នុងនោះទេសចរជាតិចំនួន២០៨,០០០នាក់ និងទេសចរអន្តរជាតិចំនួន១៥៤នាក់​ ។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍កំពង់ធំ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកទស្សនានៅតាមរមណីយដ្ឋាន គោលដៅទេសចរណ៍​ និងប្រជាពលរដ្ឋចូលរួមនៅតាមបណ្តាវត្តអារ៉ាមនានាក្នុងខេត្តកំពង់ធំ មានសរុបចំនួន២០៨,១៥៤នាក់ ភ្ញៀវជាតិចំនួន២០៨,០០០នាក់ ភ្ញៀវបរទេសចំនួន១៥៤នាក់។ នៅតាមបណ្តារមណីយដ្ឋានដែលបានដំណើរការទទួលភ្ញៀវទេសចរបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានរៀបចំសណ្តាប់ធ្នាប់ រក្សាសន្តិសុខ​ នៅក្នុងរមណីយដ្ឋានបានល្អ។

ជាមួយគ្នានឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានបង្កើតព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ មានប្រជាពលរដ្ឋមកលេងកម្សាន្តដែលមានទីតាំងនៅសួនស្ទឹងសែន ក្នុងនោះក្រុមការងារសង្ក្រាន្តបានបង្កើតកម្មវិធីលេងល្បែងប្រជាប្រិយដែលមាន ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ស្វាដណ្ដើមស្លឹកឈើ ឡើងសសរខ្លាញ់ តំបន់ត្រជាក់ ប្រដាល់បិទមុខ និងល្បែងផ្សេងៗទៀតជាច្រើន។

នៅក្នុងការបញ្ចប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ នារាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ លោក ងួន រតនៈ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានយកចិត្តទុកដាក់បង្កើតកម្មវិធីព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំទទួលបានជោគជ័យ ជាពិសេសការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋមកកម្សាន្តទស្សនា៕