(ប៉េកាំង)៖ ជំនាន់ចុងក្រោយនៃនាវាអង្កេតទីអវកាសរបស់ចិន Yuanwang-7 ត្រូវបានដាក់ឲ្យដំណើរ ជាលើកដំបូងនៅ រយៈពេល៦០ថ្ងៃ ដើម្បីធ្វើជាអ្នកអង្កេតការណ៍ទៅលើយានអវកាស Shenzhou-11 និងបេសកកម្មអវកាសផ្សេងៗទៀត នៅចុងឆ្នាំ ២០១៦។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។
នាវាអង្កេតទៅកាន់ទីអវកាសខាងលើនេះ ត្រូវបានច្នៃនិងបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករចិនសុទ្ធសាធ ហើយវាក៏បាន បង្ហាញនូវបច្ចេកវិទ្យាតាមដានទីអវកាស ដ៏ថ្មីនិងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ចិនផងដែរ។ នាវាខាងលើនេះ ត្រូវបានចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៤ នៅក្នុងក្រុមហ៊ុន Jiangnan Shipyard (Group) Co., Ltd ដែលមានវាមានប្រវែង ២២០ម៉ែត្រ និងខ្ពស់ ៤០ ម៉ែត្រ។
នាវាខាងលើនេះ មានទំនង់ ២៥,០០០តោន ហើយក៏អាចទប់ទល់នឹងខ្យល់ព្យុះទីហ្វុងកម្លាំងខ្លាំងផងដែរ។ បន្ថែមពីនេះ វាអាចបំពេញបេសកកម្មបាន ៧០ទីតាំង និងធ្វើដំណើរបានជិត ២លានគីឡូម៉ែត្រ នៅលើមហាសមុទ្រប៉ាស៊ីហ្វិក អាត្លង់ទិក និង ឥណ្ឌា។ យានអវកាស Shenzhou-11 នឹងដឹកនាំអវកាសយានិកពីររូបទៅកាន់យាន Tiangong-2 ដែល កំពុងតែស្ថិតនៅទីអវកាស ហើយអ្នកអវកាសទាំងនោះ នឹងអាចរស់នៅទីនោះរយៈពេល ៣០ថ្ងៃទើបត្រឡប់មកវិញ ក្រោមការអង្កេតយ៉ាងដិតដល់ពីនាវា Yuanwang-7។
គួរបញ្ជាក់ថា Yuanwang-1 និង Yuanwang-2 គឺធ្លាប់ជានាវាអង្កេត និងផ្សារភ្ជាប់ទៅកាន់ទីអវកាសដំបូងរបស់ចិន ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ ១៩៧៩ ដែលកាលណោះពួកវាបានធ្វើឲ្យចិនក្លាយជាប្រទេសទី០៤ នៅលើសកលលោក ដែលមានបច្ចេកវិទ្យាតាមដាននិងអង្កេតទីអវកាសលើនាវាកម្រិតកំពូល បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និង បារាំង៕