(កំពង់ធំ)៖ នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបន្តចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅវត្តប្រាសាទបីសិរីសោភ័ណ ស្ថិតនៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ, ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំទូទាំងប្រទេសកម្ពុជានេះ លោកអភិបាលស្រុក ព្រមទាំងមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋមានភាពសប្បាយយ៉ាងក្រៃលែង។

នាឱកាសនោះ លោក សាយ គឹមឡម បានឆ្លៀតសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកតាលោកយាយ យុវជនយ៉ាងច្រើនកុះករ ដោយលើកបង្ហាញអំពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ ការខិតខំទប់ស្កាត់ជំងឺកូវីដ១៩ ការពារអាយុជីវិតប្រជាជន និងការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្កលក្ខណៈឱ្យប្រជាពលរដ្ឋទូទាំងប្រទេសមានឱកាសបានរៀបចំកម្មវិធីកម្សាន្ត ធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ ក៏ដូចជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដោយឥតភ័យព្រួយ។

លោក សាយ គឹមឡម ពិតជាមានក្ដីសោមនស្សរីករាយក្រៃលែងដែលបានឃើញប្រជាពលរដ្ឋនៅក្នុងឃុំចំណារលើ ក៏ដូចជានៅក្នុងស្រុកស្ទោងទាំងមូលដើរលេងកម្សាន្តប្រកបដោយភាពសុខសប្បាយ និងមិនមានការព្រួយបារម្ភពីបញ្ហាអសន្តិសុខឡើយ។

ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោងក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានបង្កលក្ខណៈ ក៏ដូចជារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការលេងកម្សាន្តសប្បាយ និងធ្វើបុណ្យទាន នាអំឡុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃនេះ។

លោកថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងស្រុកស្ទោង សូមត្រៀមខ្លួនទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងឈានមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងសូមបោះឆ្នោតជូនគណបក្សណាដែលគិតគូរចំពោះប្រជាជន ការពារអាយុជីវិតប្រជាជន ការពារសន្តិភាព ខិតខំអភិវឌ្ឍប្រទេសជាតិ ដើម្បីបន្តការពារនូវមនុញ្ញផលទាំងនេះឱ្យបន្តស្ថិតស្ថិរនៅប្រទេសកម្ពុជា និងដល់ប្រជាជនគ្រប់គ្នា។

មិនតែប៉ុណ្ណោះ លោកអភិបាលស្រុក សាយ គឹមឡម និងសហការីក៏បានចែកអំណោយកំដរដៃមួយចំនួនជូនប្រជាពលរដ្ឋ ពិសេសជនចាស់ជរា មានជាសារុងជាង១០០ឈុត។

លោកអភិបាលស្រុក និងសហការីក៏បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាមួយប្រជាជន យុវជនផងដែរ ដូចជា លោតក្នុងបេ វាយក្អម ទាញព្រ័ត្រជាដើម។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះពិតជាបានសាទរ និងមានភាពស្និទ្ធស្នាលជាមួយលោកអភិបាលស្រុក និងសហការីប្រកបដោយភាពកក់ក្ដៅ។

គួរបញ្ជាក់ថា ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ លោកអភិបាលស្រុកស្ទោង និងសហការីបានចូលរួមកម្សាន្តសប្បាយជាមួយប្រជាពលរដ្ឋជាច្រើនវត្តច្រើនទីតាំង។ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំទូទាំងប្រទេសកម្ពុជានេះ លោកអភិបាលស្រុក សាយ គឹមឡម ព្រមទាំងមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋពិតមានភាពសប្បាយរីករាយយ៉ាងក្រៃលែង៕