(សៀមរាប)៖ រយៈពេល៤ថ្ងៃពេញ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីពាក់ព័ន្ធបានសហការផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋក្នុងសង្រ្កាន្តឆ្នាំថ្មីនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះគឺអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី៨ និងការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សកម្មភាពនេះទៀតសោតប្រព្រឹត្តទៅបាន ក៏មាននូវកិច្ចសហការជាមួយគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ សមាគមទំនាក់ទំនងនិងគាំទ្រប្រជាជន និងគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលសុី ដែលបានរួមគ្នាផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋដែលមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាប និងសង្រ្កាន្តបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។

ទាំងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន និងឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំសម្របសម្រួលនិងប្រចាំការនៅស្តង់តាំងពិព័រណ៍ ចែកឯកសារប្រឆាំងគ្រឿងញៀននៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋ យុវជន កងកម្លាំង ភ្ញៀវបរទេស និងមិត្តសិល្បករមានការចាប់អារម្មណ៍ខ្លាំងចំពោះបញ្ហាគ្រឿងញៀន តាមរយ:ការសួរដេញដោលនូវសំណួរ ទទួលយកឯកសារពាក់ព័ន្ធនឹងចំណេះដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនយ៉ាងផុលផុស ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតជាទុនសម្រាប់ការពារខ្លួននិងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀន។

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់សមាគមទំនាក់ទំនងនិងគាំទ្រប្រជាជនដែលឧបត្ថម្ភដល់ការងារផ្សព្វផ្សាយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលសុី (LOLC) ដែលបានឧបត្ថម្ភដល់ការបោះពុម្ពផ្សព្វផ្សាយ និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំងពីរសៀមរាប-បន្ទាយមានជ័យដែលបានសម្របសម្រួលនិងចាត់មន្រ្តីចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយ។

ការផ្សព្វផ្សាយនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែមេសា នឹងបន្តដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣៕