(ភ្នំពេញ)៖ ក្រោយពីសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញអារម្មណ៍ក្តុកក្តូលជាថ្មីម្តងទៀត នៅចំថ្ងៃខួបគំរប់៣ឆ្នាំ នៃមរណៈភាពឪពុកបង្កើត សម្តេចតេជោ បានបង្ហោះពាក្យពេចន៍មួយឃ្លា មានខ្លឹមសារថា «បើមានជាតិក្រោយមែន កូនសុំកើតមកជាកូនពុកសារជាថ្មីម្តងទៀត មិនថាជីវភាពក្រីក្រលំបាក យ៉ាងណាទេ ព្រោះជាតិនេះយើងធ្លាប់ ក្រីក្ររួចមក ហើយតែពុក និងម៉ែ បានប្រឹងចិញ្ចឹមកូនៗ ដោយលំបាក ទើបពួកកូនរីកចំរើនដូចសព្វថ្ងៃ»។
ពាក្យពេចន៍ដែលសម្តេចតេជោ ហ៊ុន សែន បានពោលនៅពេលនេះ សរបញ្ជាក់ឲ្យឃើញថា អារម្មណ៍សោកស្តាយពីការបាត់បង់បិតារបស់សម្តេច នៅតែដិតដាបជាប់ក្នុងចិត្តរបស់ សម្តេចគ្មានថ្ងៃបំភ្លេចបានឡើយ។
ថ្ងៃ១២ កក្កដា ជាខួបគំរប់៣ឆ្នាំ នៃមរណៈភាពបិតាបង្កើតរបស់សម្តេច (១២ កក្កដា ២០១៣-១២ កក្កដា ២០១៦) សម្តេចតេជោ ក៏បានរៀបចំកម្មវិធីសាសនា មានដូចជារាប់បាត្រ សូត្រមន្ត ជាដើមដើម្បីឧទ្ធិសកុសលជូនដល់អ្នកមានគុណនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមានការអញ្ជើញចូលរួមពី សម្តេតជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សាច់ញាត្តបងប្អូន កូនចៅសម្តេចតេជោ រួមនិង មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។
សូមជំរាបថា លោកតា ហ៊ុន នាង បិតាបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាព កាលពីវេលាម៉ោង ៤៖១០នាទីទៀបភ្លឺ ព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ៕