(ភ្នំពេញ)៖ «បណ្ឌិត កែម ឡី ធ្លាប់ផ្តាំខ្ញុំថា កុំឲ្យខ្ញុំចូលជាមួយបក្ស CNRP គាត់ក៏មិនចូលជាមួយបក្ស CNRP ដែរ» នេះជាសម្តីរបស់កញ្ញា ធី សុវណ្ណថា ដែលជាអតីតសកម្មជនដ៏ខ្លាំងក្លាមួយរូប របស់គណបក្សប្រឆាំងបានទម្លាយប្រាប់ ឲ្យដឹងមុននេះបន្តិចនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ។
ជាមួយនោះផងដែរ កញ្ញា ធី សុវណ្ណថា បានរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះទៀតថា៖ «អាណិតសពបណ្ឌិត កែម ឡី ណាស់ កាលគាត់នៅ រស់គាត់នឹងខ្ញុំតែងដើរ ជាមួយគ្នា ទាំងមេបក្ស CNRP និងសកម្មជនរិះគន់ ជេរគាត់យ៉ាងខ្លាំង រឿងបើកបក្សថ្មី តែពេលគាត់ស្លាប់ ក្រុម CNRP ដែលរិះគន់ ជេរគាត់ បែរជាមកតាំងខ្លួន ជាអ្នកស្រលាញ់ គោរពគាត់ និងលើកគ្នា មកកាងសពគាត់ រារាំងដេញខ្ញុំមិនឲ្យគោរព សពគាត់ កាលពីម្សិលមិញ»។
អតីតសកម្មជនបក្សប្រឆាំង ដែលពោរពេញដោយភាពឈឺចាប់រូបនោះបានបញ្ជាក់ថា «ទោះជាខ្ញុំដឹងថា មានឧបសគ្គនិងមានការ វាយប្រហារខ្ញុំ តែខ្ញុំត្រូវតែទៅ ដុតធូបលាលោកពូ កែម ឡី លើកចុងក្រោយ, លាហើយលោកពូ ដោយក្តីគោរព ពីក្មួយស្រី ធី សុវណ្ណថា»។
ជាចុងក្រោយកញ្ញា ធី សុវណ្ណថា បានទម្លាយអាថ៌កំបាំងប្រាប់ថា «កាលពីបណ្ឌិត កែម ឡី នៅរស់គាត់ល្អជាមួយខ្ញុំ តែងដើរជាមួយគ្នា ហើយបានធ្លាប់ផ្តាំខ្ញុំថា កុំឲ្យខ្ញុំចូលជាមួយបក្សសង្រ្គោះជាតិ គាត់ក៏មិនចូលជាមួយបក្សសង្គ្រោះជាតិដែរ»។
សូមជំរាបថា កាលពីម្សិលមិញកញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងបុណ្យសពលោកបណ្ឌិត កែម ឡី នាំគ្នាដេញអ្នកទាំងពីរចេញពីកន្លែងបុណ្យសព ដោយកញ្ញា រិះគន់បក្សប្រឆាំង៕