(ភ្នំពេញ)៖ លោកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៉ីស្លាមកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ ដាស់តឿនក្រើនរម្លឹកដល់សាសនិកមូស្លីមទាំងអស់ដែលមានលទ្ធភាព ត្រូវបរិច្ចាគថវិកា (ហ្សាកាត់) ដើម្បីបំពេញកិច្ចសាសនាអ៉ីស្លាម ក្នុងគោលបំណងជួយដល់ជនក្រីក្រ។
អត្ថន័យទាំងស្រុងរបស់លោកចាងហ្វាងមានដូចតទៅ៖
*បងប្អូនមូស្លីមីន, យើងក៏មិនត្រូវធ្វេសប្រហែសដែរនូវហ្សាកាត់ទ្រព្យសម្បត្តិរបស់យើងដែលដល់ហូល (គ្រប់មួយខួប) ហើយដល់នីសាប់ (ដល់កំណត់ត្រូវដក) ដូចជាលុយរៀល, ដុល្លារ, មាស, ប្រាក់, សត្វគោ, ក្របី, ពពែចៀម និងការលក់ដូរ ព្រមទាំងផ្លែឈើ និងគ្រាប់ធញ្ញជាតិ។
*បើបងប្អូនមុស្លីមណាមានដូចបានជុំរាបលក្ខណខាងលើ, ចាំបាច់ក្នុងសាសនាអ៉ីស្លាម ត្រូវតែដកហ្សាកាត់នូវទ្រព្យទាំងនោះទៅតាមភាគរយផ្សេងគ្នាដែលត្រូដកនោះ។ ការដកហ្សាកាត់នាំមកវិញនូវការគោរពតាមអល់ឡោះ, នាំពើរកាត់ (កើនចំរើន) និងទ្រព្យសម្បត្តិមានស្ថេរភាព។ល។
*មានហាទេស្សមួយបានបញ្ជាក់ថា៖ (ចូរពួកអ្នកថែរក្សាទ្រព្យសម្បត្តិពួកអ្នក ដោយដកហ្សាកាត់)។ អ៊ូឡាម៉ាកខ្លះថា ហាទេស្សនេះទអុីហ្វ។
សូមជម្រាបថា ការចេញបរិច្ចាគថវិការនេះ (ហ្សាកាត់) ជាច្បាប់របស់សាសនាអ៉ីស្លាម តម្រូវដល់ជនមូស្លីមមានជីវភាពធូរធារ ត្រូវចេញបរិច្ចាគ២,៥% នៃទ្រព្យសម្បត្តិខ្លួនទាំងមូល ដល់សហគមន៍របស់ខ្លួន ក្នុងទិសដៅជាជំនួយសប្បុរសធម៍ដល់ជនក្រីក្រ ដែលកត្តានេះសបញ្ជាក់ឲ្យឃើញពីភាពល្អបរិសុទ្ធរបស់សាសនាអ៉ីស្លាមក្នុងការជួយមនុស្ស និងសង្គមពិភពលោកឲ្យមានសន្តិភាព និងសេចក្ដីស្រលាញ់៕