(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋសម្អាតអនាម័យតាមដងផ្លូវ ក្នុងក្រុងបានលុង ក្រោយមានភ្លៀងលាយខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងកាលពីយប់ថ្ងៃទី១៥ ខែមេសាម្សិលមិញ។
បើតាមលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រាប់ឲ្យដឹងថា ខ្យល់ខ្លាំងដូចព្យុះលាយទឹកភ្លៀងរយៈពេលជាងកន្លះម៉ោង ប៉ះពាល់កន្លែងខ្លះមិនធ្ងន់ធ្ងរទេ ប៉ុន្តែបានរំខានដល់ការសប្បាយរបស់បងប្អូន។
ទន្ទឹមនេះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបណ្តាខេត្តផ្សេងបន្តការសប្បាយ សង្ក្រាន្ដរតនគិរី នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំ ឲ្យបានច្រើនកុះករក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី។
សូមបញ្ជាក់ថា នៅវេលាម៉ោង១៥៖០០នាទីថ្ងៃដដែល ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រារព្ធពិធីស្រង់ព្រះ នៅវត្តភ្នំស្វាយ ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុងផងដែរ៕