(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី រួមទាំងក្រុមការងារបានប្រារព្ធពិធីស្រង់សុគន្ធវារីជូនចាស់ព្រឹទ្ធាចា្យនៅវត្តក្តីអណ្តែត ក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

តាមការបញ្ជាក់ពីអាចារ្យវត្តក្តីអណ្តែតបានឲ្យដឹងថា ការស្រង់ព្រះនិងស្រង់សុគន្ធវារី ជូនមាតា បិតានិងចាស់ព្រឹទ្ធាចារ្យ គឺជាពិធីមួយក្នុងចំណោមពិធីជាច្រើនទៀតដែលមាននៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរដែលប្រជាពុទ្ធបរិស័ទតែងតែធ្វើឡើង ជាពិសេសនៅមុនពេលក្នុងពេល និងក្រោយពិធីបុណ្យចូលឆ្នាំថ្មី។

លោកបានបន្តថាសម្រាប់ថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក ប្រជាពុទ្ធបរិស័ទជាច្រើនតែងតែនាំគ្នាប្រារព្ធពិធីស្រង់ព្រះនិងស្រង់សុគន្ធាវារីជូនមាតា បិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ គឺធ្វើឡើងទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាដើម្បីជម្រះនូវកាយចិត្តដែលមានអកុសលនៅក្នុងចិត្តគឺត្រូវលាងឲ្យជ្រះនៅក្នុងឆ្នាំនេះដើម្បីឲ្យឆ្នាំបន្តទៅទៀតប្រកបអាជីវកម្មផ្សេងៗមានការរីកចម្រើននិងការរួចផុតចាគទុក្ខទោស ដែលខ្លួនបានធ្វើនាពេលកន្លងមក ហើយរហូតមកដល់ពេលនេះការប្រតិបត្តិចំពោះព្រះពុទ្ធសាសនានិងការធ្វើពិធីស្រង់ព្រះ និងស្រង់ទឹកសុគន្ធវារី ជូនចំពោះមាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងមនុស្សជាស្រឡាញ់របស់ ប្រជាពុទ្ធបរិស័ទ គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការលើកស្ទួយទំនៀមទម្លាប់ប្រពៃណីរបស់ជាតិខ្មែរយើង ដែលបានកើតឡើងតាំងពីបុរាណកាលតរៀងមក ដើម្បីឲ្យពិធីនេះនៅតែស្ថិតជាប់ក្នុងក្រអៅបេះដូងប្រជាពុទ្ធបរិស័ទ និង ៊ស្រទាប់យុវវ័យគ្រប់ៗរូប និងការចូលរួមថែរក្សានិងអភិរក្សឲ្យបានគង់វង្សតទៅអនាគត។

សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ធំ ការរៀបចំសង្ក្រាន្តត្រូវបានធ្វើឡើងក្នុងរយៈពេល៣ថ្ងៃពេញ ដោយមានកម្មវិធីកម្សាន្តជាច្រើនត្រូវបានដាក់ជូនប្រជាពលរដ្ឋបានទស្សនា និងការចូលរួមលេងកម្សាន្ត ដោយភាពសប្បាយរីករាយបំផុត ដើម្បីបង្កើតឱកាសសម្រាប់ការទស្សនារបស់ប្រជាពលរដ្ឋផងដែរ៕