(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងឧបត្ថម្ភថវិកាលើកទឹកចិត្ត ជូនដល់កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ, ក្រុមការងារសុខាភិបាល ក្រុមការងារអគ្គិសនី ក្រុមការងាររដ្ឋាកទឹក ក្រុមការងារសាធារណៈការ និងដឹកជញ្ជូន ក្រុមការងារផ្សព្វផ្សាយ និងសារព័ត៌មាន ដែលបានជួយបំពេញការងារក្នុងព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង ២០២៣ សរុបចំនួន១,៥០០នាក់។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនខេត្តបាត់ដំបង និងលោក នូវ សុខភាព ប្រធានប្រតិបត្តិសង្ក្រាន្តបាត់ដំបង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ដោយក្នុងម្នាក់ៗទទួលបានថវិកាពី លោកអភិបាលខេត្តចំនួន ៥០,០០០រៀល និងពីលោកប្រធាន ស.ស.យ.ក.ខេត្តបាត់ដំបង ចំនួន ៥០,០០០រៀល។
បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល គណៈអធិបតី បានអញ្ជើញចូលរួមទស្សនា ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់សង្ក្រាន្តបាត់ដំបង ២០២៣ និងបានប្រគល់ពានរង្វាន់ជូនដល់ក្រុមសម្ព័ន្ធកីឡាប៊ូល និងប៉េតង់មន្ទីរអប់រំខេត្តបាត់ដំបង ដែលទទួលបានជ័យជំនះលេខមួយ។
នៅព្រឹកដដែលនោះដែរ គណៈអធិបតីក៏បានបន្តចូលរួមទស្សនាការប្រកួតបាល់ទាត់ និងប្រគល់ពានរង្វាន់បាល់ទាត់មិត្តភាព សង្ក្រាន្តបាត់ដំបង ២០២៣ ក្រុមដែលទទួលជ័យលាភីលេខ១ គឺក្រុមទួលថាឯក៕