(បាភ្នំ-ព្រៃវែង)៖ ថ្លែងនៅក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូន កម្មករ ពលករចំណាកស្រុក របស់ឃុំទាំង៩ នៃស្រុកបាភ្នំក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ លោក ព្រុំ សុខារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ  បានគូសបញ្ជាក់ថា អាស្រ័យដោយចលនាជាតិដឹកនាំដោយរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ទិសទី បានប្រយុទ្ធឈ្នះកូវីដ១៩ នាំសង្គមជាតិមកកាន់ប្រក្រតីភាពវិញដូចសព្វថ្ងៃ គឺពិតជាបានបង្កើតឱកាសថ្មី សម្រាប់សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់កម្ពុជាជារៀងដរាបតទៅមុខទៀត។

ពិធីនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នាទីលានបាលទាត់ស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់ ក្រុមការងារស្រុក ប្រធានក្រុមការងារឃុំ មេឃុំ ភូមិ មន្រ្តីមូលដ្ឋាន និងបងប្អូនកម្មករ ពលករចំណាកស្រុក សរុបមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់។

បន្ទាប់ពីលោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានរាយការណ៍ពីស្ថានភាពរួមរបស់បងប្អូន កម្មករ ពលករ ចំណាកស្រុកបាភ្នំចំនួនជាង២ម៉ឺន២ពាន់នាក់ ដែលបច្ចុប្បន្នកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និង កន្លែងអាជីវកម្មនានា ក្នុងរាជធានីភ្នំពេញ និងទីកន្លែងដទៃទៀតរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអរគុណដោយស្មោះស្ម័គ្របំផុត ជូនចំពោះបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងស្រុកបាភ្នំ រួមទាំង ស្រុក ក្រុង ទាំងអស់នៃខេត្តព្រៃវែងទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែលបានការរួមសាមគ្គីគ្នាជាធ្លុងមួយបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០២២ ដែលជាការសបញ្ជាក់ច្បាស់ពីទឹកចិត្តគាំទ្រដោយបេះដូងរបស់ប្រជាជនពិតប្រាកដ និងយូរអង្វែង ចំពោះមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់។

លោករដ្ឋមន្រ្តី ប្រធានក្រុមការងារស្រុកបាភ្នំបានបញ្ជាក់ជាថ្មីម្តងទៀត ពីការរួមវិភាគទានដ៏សំខាន់បំផុតរបស់ចលនាចំណាកស្រុករបស់បងប្អូន ពលករ កម្មករ ទាំងលើវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ទាំងក្នុងប្រទេស និងក្រៅប្រទេសដែលបានរួមចំណែកជាមួយរដ្ឋាភិបាល និងប្រជាជននៅទូទាំងប្រទេស ជម្រុញកំណើនសេដ្ឋកិច្ច ស្តារស្ថានភាពសង្គមជាតិ ដោះស្រាយរាល់ផលប៉ះពាល់ដែលបង្កឡើងពីវិបត្តិសកលនានា នាំមកកាន់ប្រក្រតីភាពជាធម្មតាដូចសព្វថ្ងៃ។ ទាំងអស់នេះ ពិតជាបានផ្តល់ក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំ ដល់យើងទាំងអស់គ្នា ចំពោះម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជន។

អាស្រ័យហេតុនេះលោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានសម្តែងជំនឿជាក់យ៉ាងរឹងមាំសារជាថ្មីម្តងទៀតថា បងប្អូនប្រជាពលរដ្ឋ កម្មករ ពលករចំណាកស្រុកក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅនឹងរក្សាសន្លឹកឆ្នោតដ៏មានតម្លៃរបស់ខ្លួន សម្រាប់ចូលរួមព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្រ្ត នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ខាងមុខ ដោយបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព វិបុលភាព សម្រាប់អនាគតរុងរឿងយូរអង្វែងរបស់សង្គមជាតិកម្ពុជា គ្រប់ជំនាន់តរៀងទៅ៕