(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហោះសារមួយរំលឹករឿងរ៉ាវ កាលពី៤៨ឆ្នាំមុន ដែលពេលនេះសម្ដេចកំពុងសន្លប់ ក្រោយត្រូវរបួសភ្នែកឆ្វេង ដោយសារតែភ្លើងសង្គ្រាម។
សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook បានគូសបញ្ជាក់ទៀតថា ស្ថានភាពកាលពី៤៨ឆ្នាំមុន និង៤៨ឆ្នណាំក្រោយ ផ្ទុយគ្នាទាំងស្រុង ដោយសារពេលនេះ ប្រជាពលរដ្ឋកម្ពុជា កំពុងតែសប្បាយរីករាយក្រោមម្លប់សន្ដិភាព។
សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា «៤៨ឆ្នាំមុនពេលនេះ ខ្ញុំកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង (១៦ មេសា ១៩៧៥-១៦ មេសា ២០២៣)។ សង្រ្គាមវាបែបនេះ ហើយបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្ស។
សំណាងល្អខ្ញុំនៅមានជិវិត និងបានចូលរួមកសាងសន្តិភាព និងរក្សាសន្តិភាពដែល៤៨ឆ្នាំ ក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់ នៃសន្តិភាពនេះ។ រក្សាសន្តិភាពបាន គឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជិវិតមនុស្សដែលយើងត្រូវរួមគ្នា រក្សាសន្តិភាពនេះ ឲ្យខាងតែបាន»។
គួរជម្រាបថា នៅថ្ងៃទី១៦ ខែមេសានេះ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលជាថ្ងៃវរៈឡើងស័ក។ ពិតណាស់ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស កំពុងតែសប្បាយរីករាយក្នុងជួបជុំក្រុមគ្រួសារ បងប្អូនញាតិ ដើម្បីដើរលេងកម្សាន្ដ។ ស្របពេលដែលឆ្នាំនេះ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងសង្ក្រាន្ដតាមបណ្ដារាជធានី-ខេត្តនោះ ដូច្នេះប្រជាពលរដ្ឋកាន់តែសប្បាយរីករាយក្នុងការដើរកម្សាន្ដ៕