(កំពត)៖ ប្រជាពលរដ្ឋចូលរួមសង្ក្រាន្តនៅក្រុងកំពត និងភ្ញៀវទេសចរទស្សនាកម្សាន្តនៅរមនីយដ្ឋាននានានៅទូទាំងខេត្តកំពតថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំមានជាង៤០ម៉ឺននាក់ ក្រោមបរិយាកាសរីករាយយ៉ាងខ្លាំង ខណ:ការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានពង្រឹងយ៉ាងល្អប្រសើរ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់នេះ បានបង្ហាញថា ភ្ញៀវទេសចរ សរុបអញ្ជើញមកសំរាកកំសាន្តតាមរមណីយដ្ឋាន និង ប្រជាពលរដ្ឋចូលរួមសង្រ្កាន្តក្នុងក្រុងកំពត សរុបប្រមាណ ៤០២,៤៤២នាក់ រួមនឹងភ្ញៀវអន្តរជាតិ ១,៦១៦នាក់។

តាមរបាយការណ៍ខាងលើ ភ្ញៀវទេសចរតាមរមណីយដ្ឋាន ៥២,៤៤២នាក់ ភ្ញៀវអន្តរជាតិ ៧៥០នាក់។ ដោយឡែកភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយសង្រ្កាន្តក្នុងក្រុងប្រមាណ ៣៥២.៣០០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ៨៦៦នាក់។

សូមបញ្ជាក់ថា សម្រាប់តាមបណ្ដារាជធានី-ខេត្តផ្សេងៗទៀត ក៏បានរៀបចំសង្ក្រាន្ដរបស់ខ្លួនផងដែរ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕