(បាត់ដំបង)៖ សង្ក្រាន្ដបាត់ដំបងនៅថ្ងៃទី២ បានដំណើរការទៅយ៉ាងរលូន ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ខណ:ការពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ត្រូវបានរក្សាយ៉ាងល្អប្រសើរ។
ជាក់ស្តែងនៅថ្ងៃនេះ លោក សុខ លូ អភិបាលខេត្ត និងលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក ក៏បានចូលរួមកម្សាន្តសប្បាយជាមួយបងប្អូនប្រជាពលរដ្ឋ និងបានចូលរួមលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយផងដែរ។
អាជ្ញាធរខេត្តបាត់ដំបង និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីគ្រប់ទិសទី នៅបន្តចូលរួមនៅក្នុងសង្ក្រាន្ដបាត់ដំបង ប្រកបដោយរីករាយ ស្ថិតនៅក្រោមម្លប់សន្ដិភាព នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធ្វើឡើងនៅវិទ្យាល័យនេតយ៉ង់។
ថ្នាក់ដឹកនាំខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ក៏បានអញ្ជើញចុះពិនិត្យតាមគោលដៅទាំងអស់ ក្រោមការសាទរពីប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។
ទាំងអាជ្ញាធរខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា នៅតែបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ឲ្យបានច្រើនកុះករនៅក្នុងសង្ក្រាន្ដបាត់ដំបង ក្រោមកិច្ចការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញថា ភ្ញៀវទេសចរដែលបានដើរកម្សាន្តក្នុងខេត្តបាត់ដំបងនាថ្ងៃចូលឆ្នាំថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានចំនួនសរុប ៤០០,២៧៣នាក់ ក្នុងនោះ ទេសចរជាតិ ៣៩៩,៤១២នាក់ និងទេសចរអន្តរជាតិ ៨៦១នាក់។
បែងចែកតាមគោលដៅគោលសំខាន់ៗតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាចំនួនភ្ញៀវទេសចរសរុប ១១៨,៣៥០នាក់ ភ្ញៀវទេសចរជាតិ មានចំនួន ១១៨,០២០នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣៣០នាក់។
ដោយឡែកព្រឹត្តិការណ៍សង្ក្រាន្តចំនួនភ្ញៀវទេសចរសរុប ២៨១,៩២៣នាក់ ភ្ញៀវទេសចរជាតិ មានចំនួន ២៨១,៣៩២នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៣១ នាក់។ តំបន់ត្រជាក់ចិត្ត មាន ១១០,៨០០នាក់ និងសង្ក្រាន្តពិព័រ និងតំបន់ផ្សេងៗ មាន ១៧១,១២៣នាក់៕