(ស្វាយរៀង)៖ ចូលដល់ថ្ងៃទី២ នៃសង្ក្រាន្តស្វាយរៀង​ នាសៀលថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៣នេះ​ លោក​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកស្រី និងលោក ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជើញជាអធិបតីក្នុងពិធីដង្ហែក្បួនសង្ក្រាន្តស្វាយរៀងដែ លមានទស្សនីយភាព​សិល្បៈវប្បធម៌ខ្មែរយើង​ជាច្រើនទម្រង់ សម្តែងជូនបងប្អូនប្រជាពលរដ្ឋ ដែលមកជួបជុំក្នុងសង្ក្រាន្តស្វាយរៀង ស្ថិតនៅទីតាំងស្តូបរង្វង់មូល ខាងមុខសណ្ឋាគារវ៉ៃគោយ៉ាងច្រើនកុះករផងដែរ​។

ទន្ទឹមនឹងនោះ នៅរសៀលថ្ងៃដដែល លោកអភិបាលខេត្ត​ រួមដំណើដោយលោកអភិបាលរងខេត្ត​ មន្ទីរ-អង្គភាពពាក់ព័ន្ធ​ បានអញ្ជើញទស្សននានាស្តង់លក់ផលិតផលតាមបណ្តាស្រុក-ក្រុងនានា នៃខេត្តស្វាយរៀង​ រួមទាំងការចូលរួមលេងកម្សាន្តនូវកម្មវិធីសប្បាយៗនានា ផ្សេងទៀត​ដូចជា៖ ​តបន់​ EDM ដំបន់ត្រជាក់ចិត្ត​ តំបន់លេងល្បែងប្រជាប្រិយ​ជាដើម ​ជាមួយបងប្អូនប្រជាពលរដ្ឋ​។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា គិតត្រឹមវេលាម៉ោងល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ សង្ក្រាន្ដស្វាយរៀង បានដំណេីរការយ៉ាងល្អប្រសេីរ និងមានអ្នកចូលរួមជិត៣០ម៉ឺននាក់។

ដោយឡែកនៅល្ងាចថ្ងៃដដែលនេះ លោកអភិបាលខេត្ត និងប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតីក្នុងពិធីបណ្តែតគោមសុំសេចក្តីសុខសប្បាយនៅមាត់ទន្លេវ៉ៃគោផងដែរ។

សូមជម្រាបជូនផងដែរថា​ សង្ក្រាន្តស្វាយរៀងឈានចូលដល់ថ្ងៃទី២នេះ​ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមលេងកំសាន្ដ សរុបប្រមាណ​ ២៧៧,១៨៤នាក់៕