(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានចុះទៅឃាត់សកម្មភាព របស់ក្រុមសកម្មជន គណបក្សសង្គ្រោះជាតិ ពេលកំពុងដឹករូបថតសពលោកបណ្ឌិត កែម ឡី តាមរឺម៉ក់តាមទីសាធារណ: ដើម្បីប្រាប់ទៅប្រជាពលរដ្ឋអុជធូប គោរពវិញ្ញាណក្ខន្ធ និងចូលបច្ច័យ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ស្តាយថ្មីលើដីក្រុងកំពង់ចាម មនុស្សប្រុសស្រី៣នាក់យករូបថតលោក កែម ឡី ដាក់លើរម៉ក់អូសតាមមុខផ្សារបឹងកុក ហើយហៅគេឲ្យអុជធូបគោរព វិញ្ញាណក្ខន្ធនិងចូលបច្ច័យ តែឥឡូវនគរបាលយើងបានឃាត់យកមកអប់រំ មិនឲ្យធ្វើបែបនេះឡើយ»។
បើតាមការបញ្ជាក់ពីលោកស្នងការ ការរៀបចំឲ្យមាន និងដឹកនាំឲ្យសកម្មជនរបស់ខ្លួនធ្វើសកម្មភាព គ្មានការអនុញ្ញាតមួយនេះ គឺដឹកនាំដោយស្រី្តឈ្មោះ អ៊ុច ណារ៉ុង និងស្រ្តីឈ្មោះ គិន ស្រីអូន សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិព្រមទាំងឈ្មោះ ចន ធាង ជាក្រុមសហជីពផងដែរ។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ ២គ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងស្តារម៉ាតប្រេងកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែភ្លាមៗនោះ ឃាតកត្រូវបានកម្លាំងសមត្ថកិច្ច ដេញចាប់បានភ្លាមៗផងដែរ៕