(សៀមរាប)៖ ផ្សារស្ទឹងសៀមរាប គឺជាកម្មវិធីមួយ ក្នុងកម្មវិធីជាច្រើន ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣នេះ ដែលបង្កើតឡើងដោយសភាសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័ន អង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។
លោក សក្កដា វាសនា អនុប្រធានក្រុមការងារផ្សារស្ទឹងសៀមរាប និងប្រធានក្រុមការងារជិះទូកកម្សាន្ត ក្នុងព្រឹត្តិការណ៍ខួប១០ឆ្នាំនៃអង្គរសង្រ្កាន្ត បានឲ្យដឹងថា សម្រាប់កម្មវិធីនៅក្នុងទីតាំងនេះមានឈ្មោះថា ផ្សារស្ទឹងសៀមរាប ក្នុងចំណោមកម្មវិធីជាច្រើនរបស់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
លោកបានបន្តថា ជាក់ស្តែងកម្មវិធីនៅតាមដងស្ទឹងសៀមរាប គឺមានកម្មវិធីជិះទូកកម្សាន្ត ក្មុងនោះដែរ ទូកតូចប្រភេទទូកនេសាទ ដែលយកមកពីសហគមន៍ចុងឃ្នៀស មានចំនួន១២៨ទូក និងទូកហង្ស ឬក៏(ទូកប្រពៃណី)ដែលយើងយកមកពីក្រុមហ៊ុនគង្គាអង្គរ នៅខ្លោងទ្វារទន្លេអ៊ុំ មានចំនួន០៨ទូកផងដែរ។
លោកបានបន្តថា ចំពោះតំលៃទូកតូចប្រភេទទូកនេសាទ គឺគិតតាមវ័យ មនុស្សធំតំលៃ៨ពាន់រៀល ក្មេងជំទង់តំលៃ៦ពាន់រៀល និងក្មេងមានអាយុ៦ឆ្នាំ តំលៃ៤ពាន់រៀល ហើយក្មេងមានអាយុក្រោម៦ឆ្នាំ មិនយកលុយនោះឡើយ ហើយទូកតូចនេះ អាចដាក់មនុស្សបាន ២ ទៅ៣នាក់។ ដោយឡែកចំពោះ ទូកហង្ស ឬក៏(ទូកប្រពៃណី) ក្នុងមួយទូកតំលៃ២០ដុល្លារ និងអាចជិះបានចាប់ពី២ ដល់៨នាក់។
លោក សក្កដា វាសនា បានវាយតម្លៃថា សន្ទុះនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ គម្រប់ខួប១០នេះ មានការកនឡើងច្រើន បើធៀបទៅនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ជាមួយនេះដែរ លោកក៏បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ខួប១០ឆ្នាំ នៃអង្គរសង្រ្កាន្តឆ្នាំ២០២៣ យ៉ាងច្រើនកុះករ ដែលធ្វើឲ្យកម្មវិធីមួយៗ កាន់តែមានភាពសប្បាយរីករាយថែមទៀតផងដែរ៕