(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ដែលត្រូវបានគេដឹងថា ជាអតីតសកម្មជនដ៏ខ្លាំងក្លាមួយរូប របស់គណបក្សប្រឆាំង ហើយបច្ចុប្បន្ន ងាកមកបម្រើការងារអង្គការវិញ ត្រូវបានអ្នកគាំទ្រគណបក្សប្រឆាំងលើកគ្នា មកកាងសពលោក កែម ឡី រារាំងដេញកញ្ញាមិនឲ្យ គោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត នេះបើយោងតាមកញ្ញា ធី សុវណ្ណថា ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ។
ជាមួយនោះដែរ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ឲ្យដឹងទៀតថា កាលពីលោកបណ្ឌិត កែម ឡី នៅរស់ធ្លាប់បានផ្តាំកញ្ញាថា កុំឲ្យកញ្ញា ចូលរួមជាមួយបក្ស CNRP ហើយរូបគាត់(លោក កែម ឡី) ក៏មិនចូលជាមួយបក្ស CNRP ផងដែរ។
«អាណិតសពបណ្ឌិត កែម ឡី ណាស់ កាលគាត់នៅរស់ គាត់នឹងខ្ញុំតែងដើរជាមួយគ្នា ទាំងមេបក្ស CNRP និងសកម្មជនរិះគន់ ជេរគាត់យ៉ាងខ្លាំង រឿងបើកបក្សថ្មី តែពេលគាត់ស្លាប់ ក្រុម CNRP ដែលរិះគន់ ជេរគាត់ បែរជាមកតាំងខ្លួនជាអ្នកស្រលាញ់ គោរពគាត់ និងលើកគ្នា មកកាងសពគាត់ រារាំងដេញខ្ញុំ មិនឲ្យគោរពសពគាត់ ។ បណ្ឌិត កែម ឡី ធ្លាប់ផ្តាំខ្ញុំថា កុំឲ្យខ្ញុំចូលជាមួយបក្ស CNRP គាត់ក៏មិនចូលជាមួយបក្ស CNRP ដែរ»។ នេះបើយោងតាមសម្តីរបស់អតីតសកម្មជនដ៏ខ្លាំងក្លាមួយរូប របស់គណបក្សប្រឆាំង ឲ្យដឹងយ៉ាងដូច្នេះ៕