(ភ្នំពេញ)៖ អ្នកជំនាញ បានស្នើដល់មហាជនប្រើប្រាស់ពុទ្ធសករាជ ឲ្យបានច្រើននៅក្នុងសំណេររបស់ខ្លួន ជាពិសេសជួយផ្សព្វផ្សាយការប្រើប្រាស់ពុទ្ធសករាជ នៅលើបណ្តាញសង្គមឲ្យបានច្រើនតែម្តង ដើម្បីចៀសវាងការប្រើប្រាស់ឆ្នាំនៃសករាជខុសក្បួន។
ការស្នើរបស់អ្នកជំនាញ បានធ្វើឡើងបន្ទាប់ពីឃើញកំហុសមួយចំនួន ដោយមហាជនបានសរសេរថា ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក បែរជា «ពុទ្ធសករាជ ២៥៦៧» តែតាមពិតគេត្រូវរក្សា «ពុទ្ធសករាជ ២៥៦៦» ដដែលសិន រហូតដល់ខែពិសាខ។ នៅខែចែត្រនេះ គឺជាការឆ្លង «មហាសករាជ» និង «ចុល្លសករាជ» តែប៉ុណ្ណោះ។
តាមរយៈបណ្តាញ Fresh News អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានលើកឡើងថា ការប្រើប្រាស់ខុសបែបនេះ ដោយសារតែសម័យបារាំង មហាជនបានទម្លាប់ប្រើប្រាស់គ្រិស្តរាជ ដែលជា «សូរិយគតិ» ហើយសឹងក្លាយជាទម្លាប់មកដល់សម័យបច្ចុប្បន្ន។ លោកបន្តថា រឿងប្រើប្រាស់ពុទ្ធសករាជ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យកចិត្តទុកដាក់ជាខ្លាំង ដោយសម្តេចបានឲ្យប្រើប្រាស់ទាំង «សូរយគិត» និង «ចន្ទគតិ» នៅក្នុងលិខិតរដ្ឋបាល។
បើតាមអ្នកជំនាញអារ្យធម៌ខ្មែរ មានតែការផ្សព្វផ្សាយ និងចូលរួមលើកកម្ពស់ការប្រើប្រាស់ «ចន្ទគតិ» ទើបធ្វើឲ្យការប្រើប្រាស់ពុទ្ធករាជ បានត្រឹមត្រូវ។ លោក រ័ត្ន សណ្តាប់ បានដាស់តឿនថា ថ្ងៃចូលឆ្នាំខ្មែរ មិនមែនជាការឆ្លងសករាជ ដូចឆ្លងឆ្នាំសកលនោះឡើយ។
ចំណែកឯ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការសរសេរ «ពុទ្ធសករាជ ២៥៦៧» នៅពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក គ្រាន់តែជាការប្រារព្ធ។ ទោះជាយ៉ាងនេះក្តី «ពុទ្ធសករាជ ២៥៦៦» នៅតែប្រើប្រាស់លើលិខិតរដ្ឋបាលដដែល ពោលគឺ «ពុទ្ធសករាជ ២៥៦៧» នឹងត្រូវបានរាប់ នៅខែពិសាខខាងមុខឯណោះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រាប់ឲ្យក្រសួងសា្ថប័នរដ្ឋទាំងអស់ ត្រូវប្រើប្រាស់កាលបរិច្ឆេទតាម «ចន្ទគតិ» និង «សូរិយគតិ» ឲ្យបានត្រឹមត្រូវ នៅលិខិតរដ្ឋបាល៕