(បាត់ដំបង)៖ សង្ក្រាន្ដបាត់ដំបង កំពុងនឹងដំណើរការទៅយ៉ាងរលូន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
កាលពីម្សិលមិញនេះ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុយ រី, លោក សុខ លូ អភិបាលខេត្ត និងលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក បានចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» បុត្រីទី៦នៃកបិលមហាព្រហ្ម។ ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យ នេត យ៉ង់ ក្រោយរូបសំណាកលោកតាដំបងក្រញូង។
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានចូលរួមនៅក្នុងសង្ក្រាន្ដបាត់ដំបង ប្រកបដោយរីករាយ ស្ថិតនៅក្រោមម្លប់សន្ដិភាព នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ទាំងអាជ្ញាធរខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា នៅតែបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ឲ្យបានច្រើនកុះករនៅក្នុងសង្ក្រាន្ដបាត់ដំបង ក្រោមកិច្ចការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។
យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិ ជាង៣០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន៣០៤,៩៣១នាក់៕