(ភ្នំពេញ)៖ លោក ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាស់តឿនដល់មន្រ្តីរាជការគ្រប់រូប នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈ មានឆន្ទៈជាមួយការងារ ភក្តីភាព មានមនសិការវិជ្ជាជីវៈ និងធ្វើការដោយតម្លាភាពដើម្បីបំពេញការងារជាមន្រ្តីរាជការ ស៊ីវិលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបម្រើប្រជាជនឲ្យកាន់តែ ប្រសើរតាមបំណង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ការក្រើនរំលឹកនេះ បានធ្វើឡើងក្នុងពេលដែលលោក ហ៊ាន សាហ៊ីប អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយស្តីពី “លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ” ជូនមន្រ្តីរាជការគ្រប់ អង្គភាពទាំងថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន និង អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ១៥០រូប នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ ចេញលក្ខណៈសម្បត្តិបួនប្រការ ឲ្យមន្រ្តីរាជការសាធារណៈគ្រប់រូប ត្រូវប្រកាន់ខ្ជាប់ជាប្រចាំ។ លក្ខណៈសម្បត្តិទាំង៤នោះរួមមាន៖ (១). ទឹកចិត្តបម្រើការងារមោះមុត (២). មានភក្តីភាព (៣). ផ្តោតលើសេវា និង (៤).គោរពក្រមសីលធម៌វិជ្ជាជីវៈ។
លោកគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះ «មន្រ្តីរាជការគ្រប់រូប នៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រូវចូលរួមឲ្យសកម្ម ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់តម្លាភាព ភាពឆ្លើយតបនិង ការពង្រឹង ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ក្នុងការបំពេញការងារក្នុងអាជីពជាមន្រ្តីរាជការស៊ីវិល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឈានទៅសម្រេចឱ្យបានគោលបំណង របស់រាជរដ្ឋាភិបាលកម្ពុជា គឺ [បម្រើប្រជាជនឱ្យបានកាន់តែប្រសើរឡើង]»។
លោក ហ៊ាន សាហ៊ីប ក៏បានជំរុញមន្រ្តីរាជការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តពង្រឹង និង ពង្រីកសមត្ថភាព ចំណេះដឹង និង ចំណេះធ្វើជាដរាប តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវ និង ការស្វែងយល់ នូវចំណេះដឹងថ្មីៗលើមុខជំនាញបច្ចេកទេស ស្របតាមបរិបទការងារ ពិសេសចំពោះបទប្បញ្ញតិ្ត និង លិខិតបទដ្ឋានគតិយុត្ត ដែលត្រូវបានដាក់ឱ្យអនុវត្តថ្មីៗ និង ជាបន្តបន្ទាប់។ ការយល់ដឹងអំពីបទដ្ឋានគតិយុត្ត គឺជាមូលដ្ឋានចម្បងសម្រាប់ជំរុញតម្លាភាព គណនេយ្យភាព និង ការឆ្លើយតបបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និង ស្របតាមគោលការណ៍នីតិរដ្ឋ។
លោករដ្ឋលេខាធិការ ក៏បានណែនាំឱ្យអង្គភាពទាំងអស់ ដែលទទួលបន្ទុក គ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ព្រមទាំងសាមីមន្រ្តីរាជការ ត្រូវពង្រឹង និងបង្កើនស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារ និង ចូលរួមអនុវត្តនីតិវិធី ក្នុងការគ្រប់គ្រងវត្តមាន មន្រ្តីរាជការឱ្យបានត្រឹមត្រូវ និង ច្បាស់លាស់ ដោយអនុលោមតាមលិខិត បទដ្ឋានគតិយុត្ត សេចក្តីសម្រេច និង គោលនយោបាយ របស់រាជរដ្ឋាភិបាល៕