(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រធានក្រុមប្រឹក្សាខេត្ត លោក ខ្លូត ផន និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមពិធីបង្សុកូល និងពូនភ្នំខ្សាច់ នៅវត្តហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

បើតាមមន្ត្រីនៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាមបានឲ្យដឹងថា ពិធីពូនភ្នំខ្សាច់ គឺជាកិច្ចមួយដើម្បីរំដោះនូវកម្មពារ និងដើម្បីបំពេញនូវកុសលផងដែរ។

ហេតុដូច្នេះហើយនៅថ្ងៃនេះ ទើបថ្នាក់ដឹកនាំខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត មានសទ្ធាជ្រះថ្លា បានអញ្ជើញមកបំពេញកិច្ច ពិធីពូនភ្នំខ្សាច់នៅបរិវេណវត្តជ័យគីរី ហៅវត្តហាន់ជ័យ ព្រមទាំងប្រគេនចង្ហាន់បិណ្ឌបាត ចំពោះព្រះសង្ឃដើម្បីឧទ្ទិសបុណ្យកុសលនេះ ជូនដល់បុព្វការីជន  ជីដូនជីតា កុងម៉ា ញាតិកាទាំង ៧សន្ដាន ដែលបានចែកឋានទៅ ដើម្បីឲ្យលោកបានអនុមោទនា នូវចំណែកកុសលនេះផង និងសូមឱ្យបានសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម តរៀងទៅ ផងដែរ៕