(រតនគិរី)៖ នារសៀលទី១៤ ខែមេសា ឆ្នាំ២០២៣ គឺជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំថោះព.ស២៥៦៧។ សម្រាប់ខេត្តរតនគិរី មិនខុសគ្នាបណ្តាខេត្ត រាជធានីនៅទូទាំងប្រទេសនោះទេ គឺថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ និងប្រជាពលរដ្ឋបានរៀបចំទទួលទេវតាឆ្នាំថ្មីប្រកបដោយភាពអធិកអធមដោយបានហែរក្បួនចេញពីវត្តភ្នំស្វាយឆ្ពោះមកបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម។
បើតាមសៀវភៅមហាសង្ក្រាន្ត បានអោយដឹងថា រាជបុត្រីទី៦ កបិលមហាព្រហ្ម ព្រះនាមកិមិរាទេវី ជាមគ្គនាយិកាកាន់តំណែងឆ្នាំនេះ ដែលទ្រង់បានយាងចុះមកនៅវេលាម៉ោង ៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត)។ ចំពោះការកំណត់ ខែថ្ងៃ និងម៉ោងពេលដែលឆ្នាំចាស់ត្រូវ ផុតកំណត់ហើយ ទេវតាឆ្នាំថ្មីត្រូវ ចុះមកទទួលតំណែងពី ទេវតា ឆ្នាំចាស់នោះគឺគេអាចដឹងបាន ដោយប្រើក្បួន ហោរាសាស្ត្របុរាណគឺក្បួន មហាសង្ក្រាន្ត។
ទេវតាដែលបានមកកាន់តំណែងគ្រប់គ្រងក្នុងឆ្នាំថោះនេះ គឺគង់នៅលើចាតុម្មហារាជិកា អម្ពរពណ៌សេត(ស) លម្អនៅព្រះកាណ៌ ដោយសៀតផ្កាចង្កុលណី អភរណៈបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា (សោយចេកណាំវ៉ា)។ ចំណែកព្រះហស្តស្តាំ ទ្រង់ព្រះខ័ន្ឌ ឯព្រហស្តឆ្វេងទ្រង់ពិណ គង់អង្គុតពាក់ឆៀង បើកព្រះនេត្រ នៅលើខ្នងមហឹង្សា (ក្របី) ជាយានពាហនៈ។
ថ្លែងនៅក្នុងពិធីប្រកបដោយមង្គលសិរីសួស្តីនិងភាពសប្បាយរីករាយនាឱកាសនេះលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ព្រមទាំងវិស័យ ឯកជននានា ដែលបានយកចិត្តទុកដាក់ចំណាយពេលវេលានិងធនធាន ដោយបានរួមគ្នាគិតគូរ និងរៀបចំ កម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះ ទាំងនៅទីនេះ និងនៅគ្រប់បណ្តាក្រុង ស្រុកទូទាំងខេត្ត ដែលមានកម្មវិធីជាច្រើនក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលបានធ្វើឲ្យភ្ញៀវជាតិ និង អន្តរជាតិ ចូលមកកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ។
ក្នុងឱកាសអបអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧នេះ លោកមានសេចក្តីសោមនស្សរីករាយជាទីបំផុត សូមប្រគេនពរជ័យ សិរីសួស្ដី វិបុលសុខ បវរមហាប្រសើរ ប្រគេននិងជូន ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តី រាជការ សិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់ជនជាតិនៅក្នុងខេត្តរតនគិរី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
លោកសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម កិមីរាទេវី តាមបីបាច់ថែរក្សា ប្រោសព្រំប្រទានពរជ័យចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់ជនជាតិ សូមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងជួបប្រទះនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕