(ភ្នំពេញ)៖ ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប២,០៩៨,៥០១នាក់ ក្នុងនោះភ្ញៀវជាតិ២,០៧៩,៦៧០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,៨៣១នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់ Fresh News នាថ្ងៃទី១៥ ខែមេសានេះ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តសៀមរាប ៤៣៦,៦៧៩នាក់
* ខេត្តបាត់ដំបង ៣០៥,៦១៥នាក់
* រាជធានីភ្នំពេញ ២៦៣,៥៤៩នាក់
* ខេត្តស្វាយរៀង ១៤៤,៧៧៨នាក់
* ខេត្តកណ្តាល ១២៨,៦៩១នាក់
* ខេត្តបន្ទាយមានជ័យ ១០៨,៥១៤នាក់
* ខេត្តកំពង់ឆ្នាំង ១០៣,៧៨៤នាក់
* ខេត្តព្រះសីហនុ ១០២,០៩៦នាក់
* ខេត្តកំពត ៩៥,៣៤៤នាក់។
លោករដ្ឋមន្ត្រីបានបន្តថា ចរន្តនៃការដើរកម្សាន្តនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១ឆ្នាំ២០២៣នេះ មានសភាពផុសផុលខ្លាំងធៀបនឹងថ្ងៃចូលឆ្នាំទី១កាលពីឆ្នាំ២០២២។ ជាក់ស្តែងតួលេខខាងលើមានការកើនឡើងប្រមាណ១៤៣.១៩% ធៀបនឹងថ្ងៃចូលឆ្នាំទី១ ឆ្នាំ២០២២ ដែលភ្ញៀវសរុបមានត្រឹមតែប្រមាណ៨៦ម៉ឺននាក់ប៉ុណ្ណោះ។
ដោយឡែក ស្ថិតិខាងលើគឺរាប់តែចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ព្រមទាំងប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗប្រារព្ធសង្រ្កាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដែលលេងកម្សាន្តនៅតាមភូមិ ស្រុក ឬកម្មវិធីសង្រ្កាន្តជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូចឡើយ។
លោកបានបន្តទៀតថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាបឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ដែលបានប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត នាថ្ងៃទី១៤ ខែមេសានេះ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមានសកម្មភាពកម្សាន្តសប្បាយជាច្រើន ដែលបង្ហាញពីវប្បធម៌ ប្រពៃណី ពិសេសទិដ្ឋភាពនៃការបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេនៅលើពិភពលោកនៅប្រាសាទអង្គរវត្ត។
បណ្តារាជធានីខេត្តផ្សេងៗសុទ្ធតែមានការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា។
ចរាចរណ៍ក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមសភាពស្ងប់ស្ងាត់ខ្លាំងនាថ្ងៃចូលឆ្នាំទី១នេះ។ ប៉ុន្តែមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋភ្នំពេញជាច្រើនបានចេញទៅកម្សាន្តនៅសង្រ្កាន្តវត្តភ្នំ តាមផ្សារទំនើប រួមជាមួយគោលដៅទេសចរណ៍ និងកម្មវិធីសង្រ្កាន្តនៅជុំវិញភ្នំពេញ។ ដោយឡែក ប្រជាពលរដ្ឋអ្នកភ្នំពេញមួយចំនួននឹងចាប់ផ្តើមចេញដំណើរកម្សាន្តទៅតាមគោលដៅនានានៅតាមខេត្ត ពិសេសខេត្តសៀមរាបចាប់ពីថ្ងៃទី២នេះ។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា ក្រៅតែពីការដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ និងកម្មវិធីសង្រ្កាន្ត យើងក៏សង្កេតឃើញប្រជាពលរដ្ឋនៅតាមភូមិស្រុកនានា ទាំងក្មេងៗ យុវជន និងពុកម៉ែមាមីងបាននាំគ្នាជួបជុំលេងល្បែងកម្សាន្ត ច្រៀងរាំសប្បាយ និងលេងល្បែងប្រជាប្រិយនានា។ ខ្លះជិះម៉ូតូ ខ្លះជិះតាមរថយន្តដោយមានដាក់ធុងទឹក និងលេងកំាភ្លើងបាញ់ទឹក ប៉ាតផ្សៅ ធ្វើដំណើរចេញពីភូមិស្រុកមួយទៅមួយដោយក្តីរីករាយ។
បើតាមលោករដ្ឋមន្ត្រី កម្លាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ក្រោមការដឹកនាំរបស់អភិបាលរាជធានី-ខេត្តបានចាត់តាំងកម្លាំងប្រចំាការ និងសម្រួលចរាចរទាំងនៅតាមដងផ្លូវជាតិ ទីកន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត និងគោលដៅសំខាន់ៗ។
លោក ថោង ខុន បានវាយតម្លៃអំពីសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាពនិងតម្លៃសេវាទេសចរណ៍នានា គឺមានភាពល្អប្រសើរ ពោលគឺមិនមានបញ្ហាធំដុំណាមួយកើតឡើងទេនៅថ្ងៃចូលឆ្នាំទី១នេះ ហើយចរន្តភ្ញៀវត្រូវបានរំពឹងថានឹងមានសភាពកាន់តែផុសផុសនាថ្ងៃទី២នេះ ដោយសារប្រជាពលរដ្ឋមួយចំនួននៅចាំទទួលទេវតាកាលពីរសៀលថ្ងៃម្សិលមិញ៕