(កំពង់ធំ)៖ រដ្ឋបាល​ខេត្ត​កំពង់ធំ​ និងលោកស្រី ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋបាន​ចូលរួម​ក្នុង​ពិធី​ទទួល​ទេព្តា​ឆ្នាំ​ថ្មី ​ឆ្នាំថោះ ​បញ្ច​ស័ក ​ព​.​ស​.​២​៥​៦​៧ ​ព្រះនាង​កិមិ​រា​ទេវី ​ជា​បុត្រី​ទី​៦នៃក​បិ​ល​មហាព្រហ្ម​ និងលេងល្បែងប្រជាប្រិយខ្មែរ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សួន​ស្ទឹង​សែន​ខេត្ត​កំពង់ធំ​ នា​សៀ​ល​ថ្ងៃ​ទី​១​៤ ​ខែ​មេសា ​ឆ្នាំ​២​០​២៣។

​បើ​តាម​សៀវភៅ​មហាសង្ក្រាន្ត​បាន​ឱ្យ​ដឹង​ថា​ រាជបុត្រី​ទី​៦​ក​បិ​ល​មហាព្រហ្ម​ ព្រះនាម​កិមិ​រា​ទេវី​ ជា​មគ្គ​នាយិកា​កាន់​តំណែង​ឆ្នាំនេះ​ ដែល​ទ្រង់​បាន​យាងចុះ​មក​នៅ​វេលា​ម៉ោង​៤​រសៀល ​ជា​ថ្ងៃ​ចូលឆ្នាំ​ថោះ ​បញ្ច​ស័ក ​(​ជា​វារៈ​មហាសង្ក្រាន្ត​)​។​ ចំពោះ​ការ​កំណត់​ខែ​ថ្ងៃ​ និង​ម៉ោង​ពេល​ដែល​ឆ្នាំ​ចាស់​ត្រូវផុត​កំណត់ ហើយទេព្តា​​ឆ្នាំថ្មី​​ត្រូវ​ចុះ​​មក​ទទួលតំណែង​​ពី​​ទេព្តា​​ឆ្នាំ​ចាស់​​នោះ ​គឺ​គេ​អាច​ដឹង​បាន​ដោ​យប្រើ​​ក្បួន​ហោរាសាស្ត្រ​បុរាណ ​គឺ​ក្បួន​មហាសង្ក្រាន្ត​។​

​ទេវតា​ដែល​បាន​មកកាន់​តំណែង​គ្រប់គ្រង​ក្នុង​ឆ្នាំថោះ​នេះ ​​គឺ​គង់នៅ​លើ​ចា​តុ​ម្ម​ហា​រា​ជិ​កា​អម្ពរ​ពណ៌​សេត ​(​ស​) លម្អ​នៅ​ព្រះកាណ៌​ដោយ​សៀតផ្កា​ចង្កុលណី​អ​ភ​រណៈ​បុស្ស​រាគ័​ម​ភក្សាហារ​ទ្រង់​ចេកណាំវ៉ា​ (​សោយ​ចេកណាំវ៉ា​)​​ ចំណែក​ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះ​ខ័ន ឯ​ព្រ​ហស្ត​ឆ្វេង​ទ្រង់​ពិណ ​គង់​អ​ង្គុ​ត​ពាក់ឆៀង​ បើកព្រះនេត្រ​នៅ​លើ​ខ្នង​មហិង្សា (​ក្របី​) ជា​យានពាហនៈ​។

គួរបញ្ជាក់ថា ខេត្តកំពង់ធំបានរៀបចំសង្ក្រាន្តកំពង់ធំ ដែលមានការប្រគំតន្ត្រីល្បែងប្រជាប្រិយ និងល្បែងផ្សេងៗទៀតសម្រាប់ឱ្យប្រជាពលរដ្ឋទស្សនា និងលេងកម្សាន្តដូចជា
ការសម្ដែងរបាំ សិល្បៈ តន្ត្រីយុវជន ការរាំម៉ាឌីស៊ុន អបអរសាទរឆ្នាំថ្មីរបស់កងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត និងចូលរួមទស្សនាលេងកម្សាន្តល្បែងប្រជាប្រិយប្រពៃណីខ្មែរតាមផែននីមួយៗ ជាមួយនឹងលោកគ្រូអ្នកគ្រូ យុវជនយុវនារី រួមមានល្បែងវាយក្អម ទូលក្អម លោតបាវ ចោលឈូង រត់ជាគូដាក់ប៉ោងៗជាប់នឹងក្បាល បិទមុខបញ្ចុកចេក រត់ប្រណាំង ពាំពងមាន់ដាក់ស្លាបព្រា បោះអង្គុញ លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង ប៉ោងៗរួមមិត្ត ប្រដាល់បិទមុខ ឡើងសសរខ្លាញ់យករង្វាន់ បិទមុខចាប់ទាក្នុងទ្រុង ទាញព្រ័ត្រមហារំអិល ទាត់បាល់មហារំអិល និងទស្សនីយភាពការរាំជាក្រុម៕