(កំពង់ចាម)៖ លោក ឈុន ហុង អគ្គនាយករង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ តំណាងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្រីសន្ធរ អមដំណើរដោយលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក និងលោកស្រី លោកឧកញ៉ា នួន រិទ្ធី និងលោកស្រី លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំទាំង ១៤នៅក្នុងស្រុកស្រីសន្ធរ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញបើកពិធីតាំងពិព័រណ៍សមិទ្ធផលនានា ក្នុងស្រុកស្រីសន្ធរ និងបើកព្រឹត្តិការណ៍សង្ក្រាន្តស្រីសន្ធរ ឆ្នាំ២០២៣ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ បរិវេណសួនច្បារសាលាស្រុកស្រីសន្ធរ។
ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក លោក លោកស្រីភិបាលរងស្រុក មន្រ្តីរដ្ឋបាលស្រុក នាយកសាលារៀន ក្រុមប្រឹក្សាឃុំ យុវជនស្រុក ឃុំ ភូមិ សាលារៀន។
លោកប្រធានបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម «កិមិរាទេវី» សូមប្រទាននូវពរជ័យបវរមហាប្រសើរជូនលោក លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងស្រុក សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕