(កំពង់ធំ)៖ រដ្ឋបាលស្រុកស្ទោងបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ និងបង្កើតកម្មវិធីលេងល្បែងប្រជាប្រិយកម្សាន្តច្រើនទៀតនៅវត្តករណីដើម (ហៅវត្តក្ដីដើម) បង្កការកម្សាន្តសប្បាយជូនប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាពនិងស្ថិរភាពពេញលេញនៃមាតុភូមិកម្ពុជា។

ព្រឹត្តិការណ៍សង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។ កម្មវិធីកម្សាន្តនេះដែរដឹកនាំរៀបចំដោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងព្រះសង្ឃ មន្ត្រីរាជការចំណុះរដ្ឋបាលស្រុក និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

គេឃើញមានកិច្ចពិធី និងការលេងកម្សាន្តនូវល្បែងប្រជាប្រិយខ្មែរ ដូចជា ពិធីក្រុងពាលីសុំសេចក្ដីសុខសេចក្ដីចម្រើន ប្រោសព្រំពរជ័យ ល្បែងកម្សាន្តវាយក្អម ទាញព្រ័ត្រ រាំលេងកម្សាន្តជាដើម។

មន្ត្រីសាលាស្រុកបានបញ្ជាក់ថា ចំពោះបញ្ហាសន្តិសុខ-សណ្ដាប់ធ្នាប់គឺមានភាពល្អប្រសើរ មិនបង្កឱ្យមានហេតុការណ៍គ្រោះថ្នាក់ អំពើហិង្សាណាមួយឡើយ ខណៈកម្លាំងសមត្ថកិច្ច អាជ្ញាធរក៏ខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលទៅមកលេងកម្សាន្តផងដែរ។

លោកអភិបាលស្រុក សាយ គឹមឡម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មកចូលរួមលេងកម្សាន្តក្នុងកម្មវិធីនេះឱ្យបានកុះករ ខណៈការកម្សាន្តនៅលេងបន្តដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

គួរជម្រាបថា ការរៀបចំនិងការចូលរួមកម្សាន្តអបអរសាទរឆ្នាំថ្មីនេះ គឺបង្ហាញអំពីសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញនៅទូទាំងប្រទេសកម្ពុជា៕