(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅមុខប្រាសាទបន្ទាយឆ្មារ នៃខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី បានបូជាគ្រឿងសក្ការបូជា មានផ្កា ភ្ញី ទៀន ធូប បាយសី គ្រឿងរំដាប់សម្រាប់ទទួលទេវតា តាមក្បួនតម្រាមហាសង្រ្កាន្ត និងបួងសួងសុំសេចក្តីសុខជូនប្រជានុរាស្រ្តទាំងអស់សូមជួបនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល:។

នៅល្ងាចនៃថ្ងៃដដែលនេះ ក្រោយពិធីទទួលទេវតាបានបញ្ចប់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងក្រុមការងារគ្រប់ថ្នាក់បានចូលរួមសប្បាយរីករាយជាមួយថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ យុវជននៅសួនមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអរគុណដល់ប្រជាពលរដ្ឋមហាគ្រួសារអ្នកខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរក្សាបាននូវសុខសន្តិភាពដ៏មានតម្លៃបំផុតហើយសុខសន្តិភាព ស្ថិរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ។

គ្មានភាពសប្បាយរីករាយណាមួយកើតឡើងក្រោមគ្រាប់ផ្លោងនោះឡើយ សុខសន្តិភាពផ្តល់ឱកាសឱ្យមនុស្សធ្វើអ្វីៗតាមបំណងឱ្យតែត្រូវច្បាប់។ បើមានសង្គ្រាមសូម្បីតែពូជពង្សអាទិទេពក៏ព្រាត់ប្រាស់គ្នាដែរ តែពេលមានសុខសន្តិភាពគ្រួសារអាទិទេពក៏បានវិលមកជួបជុំគ្នាវិញ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសំណូមពរដល់អាជ្ញាធរនិងប្រជាពលរដ្ឋទាំងអស់ត្រូវរួមរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដើម្បីបន្តភាពសប្បាយរីករាយតាមលក្ខណប្រពៃណីផូរផង់របស់ខ្មែរ៕