(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំព្រឹត្តិការណ៍ «ឆ្នាំថ្មីព្រៃវែង» បង្កការកម្សាន្តសប្បាយជូនប្រជាពលរដ្ឋ ខណៈបញ្ហាសន្តិសុខ-សណ្ដាប់ធ្នាប់គឺមានភាពល្អប្រសើរ ហើយនឹងបន្តរយៈពេល២ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣។

សម្រាប់ព្រឹត្តិការណ៍នេះ កម្លាំងនគរបាលខេត្តព្រៃវែង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន សហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានបន្តចុះល្បាត និងឈរជើងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមទីតាំងមួយចំនួន ដែលត្រៀមប្រារព្ធពិធីបុណ្យ «ឆ្នាំថ្មីព្រៃវែង»។

រដ្ឋបាលខេត្តព្រៃវែងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មកចូលរួមលេងកម្សាន្ត ក៏ដូចជាទស្សនាព្រឹត្តិការណ៍ «ឆ្នាំថ្មីព្រៃវែង» ឱ្យបានច្រើនកុះករ និងអធិកអធម នៅថ្ងៃស្អែក និងខាងស្អែកបន្តទៀត។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានប្រកាសដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវវ័យដែលនឹងមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍ «ឆ្នាំថ្មីព្រៃវែង» សូមជៀសឱ្យឆ្ងាយពីការប្រើប្រាស់ហិង្សា ឬប្រព្រឹត្តបទល្មើសផ្សេងៗ។

ករណីមានអំពើហិង្សា ឬបទល្មើសណាមួយកើតឡើង ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដាច់ខាតមិនមានការលើកលែង ឬមានវិធានការអប់រំឡើយ កម្លាំងនគរបាលនឹងចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ។

រដ្ឋបាលខេត្តព្រៃវែងក៏ជម្រាបដែរថា ការរៀបចំនិងការចូលរួមកម្សាន្តក្នុងកម្មវិធី «ឆ្នាំថ្មីព្រៃវែង» អបអរសាទរឆ្នាំថ្មីនេះ គឺបង្ហាញសុខសន្តិភាពពេញលេញរបស់ប្រទេសកម្ពុជា៕