Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកចេញមុខព្រមានស៊ូដង់ខាងត្បូង ឲ្យបញ្ឈប់ការបង្ហូរឈាមគ្នាជាបន្ទាន់ ខណៈ UN ស្នើសុំសព្វាវុធការពារខ្លួនបន្ថែម

12-07-2016 11:22

(វ៉ាស៊ីនតោន)៖ ក្រោយពីអង្គការសហប្រជាជាតិ (UN) និងបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក បានធ្វើការអំពាវនាវឲ្យមានការបញ្ឈប់អំពើហិង្សា រវាងក្រុមអ្នកគាំទ្រមេដឹកនាំកំពូលៗទាំងពីរ នៅស៊ូដង់ខាងត្បូងនោះ សហរដ្ឋអាមេរិកបានចេញមុខ បន្ថែមទៀតដោយព្រមាន ឲ្យគូជម្លោះ «ត្រូវតែបញ្ឈប់» ការបង្ហូរឈាមគ្នាជាបន្ទាន់។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។

សេតវិមានអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយនៅមុននេះបន្តិចថា «អ្នកណាក៏ដោយ ដែលរារាំងកិច្ចខិតខំប្រឹង ប្រែងដើម្បីបញ្ចប់ការប្រយុទ្ធគ្នានោះ នឹងត្រូវទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន»។ ដោយឡែកអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យ មានការបន្ថែមកម្លាំងនិងសព្វាវុធ ព្រមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធ ដើម្បីការពារបេសកកម្មរបស់ខ្លួន ដែលកំពុងតែទទួលរងការ គំរាមកំហែងយ៉ាងខ្លាំង ដោយសារតែអំពើហិង្សានៅទីក្រុងជូបា របស់ស៊ូដង់ខាងត្បូងនោះ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងក្រុមអ្នកគាំទ្រប្រធានាធិបតីលោក Salva Kiir និងអនុប្រធានាធិបតីទីមួយលោក Riek Machar បានកើតមានឡើងនៅក្នុងរដ្ឋធានី ជូបា របស់ប្រទេសអាហ្វ្រិកភាគកណ្តាលមួយនេះ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនមកម្ល៉េះ និងបានបណ្តាលឲ្យមនុស្សសរុបជាង ២៧០នាក់បាត់បង់ជីវិត។ នេះបើតាមការដកស្រង់សេចក្តី រាយការណ៍របស់សារព័ត៌មានក្នុងស្រុក៕