(កំពង់ចាម)៖ នាសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៣ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម និងរៀបចំ សង្ក្រាន្ត ដើម្បីឲ្យប្រជាពលរដ្ឋលេងសប្បាយតាមបែបប្រពៃណីខ្មែរ ។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសួនច្បារខាងមុខសាលាខេត្តកំពង់ចាមតែម្តង ។
សូមបញ្ជាក់ដែរថា ពិធីនេះមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី អាជ្ញាធរក្រុង មន្ត្រីរាជការ យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
បើតាមសៀវភៅមហាសង្ក្រាន្ត បានអោយដឹងថា រាជបុត្រីទី៦ កបិលមហាព្រហ្ម ព្រះនាមកិមិរាទេវី ជាមគ្គនាយិកាកាន់តំណែងឆ្នាំនេះ ដែលទ្រង់បានយាងចុះមកនៅវេលាម៉ោង ៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត)។
ចំពោះការកំណត់ខែ ថ្ងៃ និងម៉ោងពេល ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គឺគេអាចដឹងបាន ដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសង្ក្រាន្ត។
ទេវតាដែលបានមកកាន់តំណែងគ្រប់គ្រងក្នុងឆ្នាំថោះនេះ គឺគង់នៅលើចាតុម្មហារាជិកា អម្ពរពណ៌សេត(ស) លម្អនៅព្រះកាណ៌ ដោយសៀតផ្កាចង្កុលណី អភរណៈបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា (សោយចេកណាំវ៉ា)។ ចំណែកព្រះហស្តស្តាំ ទ្រង់ព្រះខ័ន្ឌ ឯព្រហស្តឆ្វេងទ្រង់ពិណ គង់អង្គុតពាក់ឆៀង បើកព្រះនេត្រ នៅលើខ្នងមហឹង្សា (ក្របី) ជាយានពាហនៈ។
បន្ទាប់ពីពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំជាច្រើនទៀត និងប្រជាពលរដ្ឋ បានចូលរួមលេងល្បែងប្រជាប្រិយផ្សេងៗ យ៉ាងសប្បាយរីករាយ ប្រកបដោយសុខសុវត្ថិភាព និងភាពកក់ក្តៅបំផុត៕